កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកជញ្ជូនពលករខ្មែរជាង៣០០នាក់ពីច្រកប៉ោយប៉ែតទៅដល់លំនៅឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥--ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃវិញ នគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងកម្លាំង និងរថយន្តដើម្បីដឹកជញ្ជូនពលករទាំងនោះទៅកាន់គោលដៅរៀងៗខ្លួន។

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ បានសហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីចុះជួយសម្របសម្រួលដល់ពលរដ្ឋខ្មែរជាង៣០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ កងកម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន១៦គ្រឿង ធ្វើដំណើរចំនួន២០ លើក ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៤ល្ងាច ដើម្បីដឹកជញ្ជូនពលរដ្ឋសរុប៣០៣នាក់ (ស្រី១៣៦នាក់) ទៅកាន់បណ្តាខេត្តចំនួន៤។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានលើកឡើងថា ការជួយសម្រួលការធ្វើដំណើរដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាថាពួកគាត់អាចធ្វើដំណើរត្រឡប់ទៅដល់លំនៅឋានប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។

ពលករម្នាក់ឈ្មោះ សែម ណារ៉េត អាយុ ៣៥ ឆ្នាំ ដែលធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានជួយដឹកជញ្ជូនគាត់ និងបងប្អូនដទៃទៀត ដោយមិនគិតថ្លៃ និងបានផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់បន្ទាប់ពីការធ្វើដំណើរដ៏លំបាក។ ពលរដ្ឋដែលបានទទួលការដឹកជញ្ជូនភាគច្រើនមានលំនៅឋាននៅក្នុងខេត្តបន្ទាយមានជ័យចំនួន២៨៧នាក់ (ស្រី១៣១នាក់) ខណៈខ្លះទៀតធ្វើដំណើរទៅកាន់ខេត្តសៀមរាប៣នាក់ ខេត្តបាត់ដំបង២នាក់ (ស្រី១នាក់) និងខេត្តត្បូងឃ្មុំ១១នាក់ (ស្រី៤នាក់)។

ប្រតិបត្តិការនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលតែងតែត្រៀមខ្លួនជួយសម្របសម្រួល និងដោះស្រាយរាល់ការលំបាកនានា៕
ដោយ ឈុន សារ៉ាត





