រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ចាត់ទុកបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល
AKP ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល និងត្រូវមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ សមាជិក សមាជិក នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ការលើកឡើងរបស់ឯកឧត្ដមអភិសន្ដិបណ្ឌិតបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ស្នើយន្តការដឹកនាំគ្រប់ថ្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងយន្តការដឹកនាំគ្រប់ថ្នាក់នៃថ្នាក់រាជធានីខេត្តទាំង២៥ ត្រូវប្តេជ្ញាចិត្តខិតខំអនុវត្តន៍ភារកិច្ច ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៦ តាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍។

ឯកឧត្ដមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមនូវយន្ដការ ក្នុងការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ឱ្យមានភាពសកម្មក្នុងការអនុវត្តតាមផែនការសកម្មភាពដែលបានដាក់ចេញព្រមទាំងចាត់ធ្វើការត្រួតពិនិត្យ កែលម្អ ដកពិសោធន៍ និងតម្រង់ទិសឱ្យបានសមស្របជាប្រចាំ តាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ប្រជាសាស្ត្រ និងពេលវេលា។ ជាមួយនេះត្រូវលើកសរសើរជូនរង្វាន់ដល់អង្គភាព ឬបុគ្គលមានស្នាដៃក្នុងការងារ និងត្រូវកែទម្រង់ចំពោះអង្គភាពដែលមិនទាន់សម្រេចភារកិច្ចតាមផែនការសកម្មភាព។

ឯកឧត្ដមអភិសន្ដិបណ្ឌិតក៏ណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យបានផុលផុសទូលំទូលាយនូវច្បាប់ និងបទដ្ឋាននានាក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវ ស្ថាប័នរដ្ឋ សាលារៀន ក្រុមហ៊ុន រោងចក្រ សហគ្រាស សហគមន៍ គ្រួសារ តាមបណ្តាញសង្គម និងតាមវេទិកាសាធារណៈ សំដៅបង្កើនការយល់ដឹងជ្រួតជ្រាប និងចូលរួមគោរពអនុវត្តពីគ្រប់មជ្ឈដ្ឋាន ។
ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញថែមទៀត ក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការប្រឡងផ្តល់បណ្ណបើកបរ ប្រកបដោយតម្លាភាព ដើម្បីពង្រឹងគុណភាពអ្នកបើកបរឱ្យមានចំណេះដឹងពិតទាំងខាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។ ទន្ទឹមនេះជំរុញការគ្រប់គ្រងសាលាបង្រៀនបើកបរគ្រូបង្រៀនបើកបរ និងត្រូវពង្រឹងគុណភាពនៃការប្រឡងយកបណ្ណបើកបរ ឱ្យស្របតាមបញ្ញត្តិជាធរមាននិងលើកកម្ពស់គុណភាពចំណេះដឹងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់អ្នកបើកបរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីសង្ឃឹមថា ការដឹកនាំ និងការអនុវត្ដរបស់ថ្នាក់ដឹកនាំគ្រប់យន្តការចំណុះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងទទួលបានជោគជ័យ តាមរយៈការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដនូវសកម្មភាពយ៉ាងដ៏ហ្មត់ចត់ ក្នុងគោលដៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៦នេះ ឱ្យស្របទៅតាមចក្ខុវិស័យ និងគោលបំណង ផែនការរបស់យើងក្នុងការជំរុញការអនុវត្ដគ្រោះថ្នាក់ចរាចរណ៍ និងកសាងសង្គមមួយដែលមានសន្ដិភាព សុខសុវត្ថិភាព។
យោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។ ទន្ទឹមនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក (យប់៥៨%) បណ្តាលឱ្យស្លាប់១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។
បើគិតក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៩៩លើក ស្មើ១៨% (២ ៣៤៥/២ ៨៤៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ៣% (១ ៤៦៧/១ ៥០៩នាក់) និងចំនួនអ្នករបួសថយចុះ ៥០៧នាក់ ស្មើ១៤% (៣ ២១៣/ ៣ ៧២០នាក់)៕
ដោយ៖ រិទ្ធី





