រដ្ឋបាលស្រុកបារាយណ៍នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនគ្រួសារកងទ័ពនៅសមរភូមិជួរមុខ
AKP កំពង់ធំ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខដែលមករស់នៅបណ្ដោះ អាសន្នក្នុងឃុំចុងដូង១២គ្រួសារ និងឃុំបារាយណ៍០៣គ្រួសារ។

ក្នុងឱកាសនោះលោក ឃន ចាន់ថៃ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ និងបានកោតសរសើរ ព្រមទាំងដឹងគុណ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានមកលើទឹកដីកម្ពុជា។ លោកអភិបាលស្រុកក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ និងចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញទាន់ពេលវេលាមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខក្នុង០១គ្រួសារទទួលបាន អង្ករ មី ត្រីខ ស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ៕


ដោយ ស៊ុម វណ្ណា





