ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ជាមួយឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ជាតិ ស៊ីវុត្ថា ប្រធានអង្គប្រជុំ បានលើកឡើងនូវរបៀបវារៈចំនួន ០៤ រួមមាន៖ ១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត របាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័ត របាយការណ៍ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត និង៤.បញ្ហាផ្សេងៗ ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត និងការអភិវឌ្ឍខេត្ត ព្រមទាំងបានលើកឡើងពីការបង្កើតសួនកសិ-ឧស្សាហកម្ម និងសួនវារីវប្បកម្ម នៅក្នុងខេត្ត ដើម្បីបង្កើនភាពទាក់ទាញដល់វិនិយោគិន ដែលនឹងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋរាប់ពាន់នាក់ ជាពិសេសលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តដើម្បីប្រែក្លាយខេត្តកំពង់ធំ ពីខេត្តដែលទៅហួស មកហួស មកជាខេត្តដែលទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតសួនកសិ-ឧស្សាហកម្ម ក្រោមការចង្អុលបង្ហាញ និងផ្តល់គោលការណ៍ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការបង្កើតសួនវារីវប្បកម្មធំមួយ ដែលប្រែក្លាយផ្ទៃដីដែលធ្លាប់តែបង្កបង្កើនផលស្រូវ ឱ្យទៅជាគម្រោងវារីវប្បកម្ម ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋ ជាមួយនឹងប្រាក់ខែសមរម្យ និងមានស្ថិរភាព ដើម្បីជួយឱ្យប្រជាពលរដ្ឋមានលំនឹងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កើតសួនកសិ-ឧស្សាហកម្ម ដោយផ្ដោតជាចម្បងលើការកែច្នៃគ្រាប់ស្វាយចន្ទី។ ដូច្នេះនៅពេលដែលសួនកសិ-ឧស្សាហកម្ម ដែលគ្រោងនឹងបើកការដ្ឋាន នៅចុងឆ្នាំ២០២៥នេះ នឹងចូលរួមចំណកធ្វើឱ្យទីផ្សារនៃគ្រាប់ស្វាយចន្ទី មានស្ថិរភាពល្អប្រសើរ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងផ្ដល់តម្លៃបន្ថែមចូលទៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ជានិច្ចចំពោះការវិនិយោគនៅក្នុងវិស័យសំខាន់ៗរបស់ខេត្ត ដើម្បីជួយឱ្យអ្នកវិនិយោគទទួលបានផលចំណេញ ហើយប្រជាពលរដ្ឋនៅក្នុងខេត្តក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នា៕
ដោយ ស៊ុម វណ្ណា





