លោកជំទាវ ឡោក ខេង ពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេស លើការលើកកម្ពស់ស្ត្រី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥--គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីណែនាំ លោក ប៊ីខាស់ ដារ៉ាហូ (Bikash Dawahoo) ទីប្រឹក្សាសមភាពយេនឌ័ររបស់ចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងជប៉ុន សម្រាប់ការផ្លាស់ប្តូរយោបល់ លើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅវិមានរដ្ឋសភា។ ក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម Dominic Williams បានមានប្រសាសន៍លើកឡើង ថាគោលបំណងដែលឯកឧត្តមមកជួបពិភាក្សានាពេលនេះគឺដើម្បីរិះរកមធ្យោបាយផ្សេងៗក្នុងការសហការជាមួយរដ្ឋសភាកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផ្តោតលើបញ្ហាអាទិភាពសំខាន់ៗក្នុងការទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រីក៏ដូចជាបញ្ហាសមភាពយេនឌ័រដើម្បីលើកកំពស់លើការងារដល់ស្ត្រី និងផ្តល់អាទិភាពដល់ស្ត្រីនៅក្នុងមូលដ្ឋានឲ្យទទួលបានការអប់រំបណ្តុះបណ្តា លទាំងផ្នែកចំណេះដឹង ក៏ដូចជាផ្នែកសុខភាព ជាពិសេសជំរុញឱ្យស្ត្រីមានការចូលរួមធ្វើកា រសម្រេចចិត្តពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ។ មួយវិញទៀតឯកឧត្តម ក៏បានសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា ដើម្បីស្វែងរកអាហារូបករណ៍ជូនដល់ស្ត្រី ដើម្បីបានបន្តការសិក្សានៅចក្រភពអង់គ្លេស ។ ដោយឡែកចំពោះការងារជាអាទិភាពដែលទូតអង់គ្លេសបានយកចិត្តទុកដាក់ខ្លាំងនោះគឺបញ្ហាអំពើហិង្សាលើស្ត្រី កន្លងមកទូតចក្រភពអង់គ្លេសក៏បានធ្វើកិច្ចសហការជាមួយក្រសួងកិច្ចការនារី ក៏ដូចជាអង្គការនានាផងដែរ។ លោកជំទាវ ឡោក ខេង បានជម្រាបជូនឯកឧត្តម ដូមីនីក វិលលៀមស៍ ថានៅពេលបច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជា និងសភាបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្លាំងក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រី គឺស្នូល» ។ លើសពីនេះទៅទៀត តាមរយៈផែនការនារី រតនៈទី៦ (២០២៤-២០២៨) រាជរដ្ឋាភិបាលបន្តពង្រឹងបញ្ហាសមភាពយេនឌ័រ នៅតាមបណ្តាក្រ សួង-ស្ថាប័នសាធារណៈ ព្រមទាំងនៅក្នុងកម្មវិធី គោលនយោបាយតាមវិស័យ ដែលបានផ្តោ តអាទិភាពទៅលើការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងទី ផ្សារការងារ លើកកម្ពស់សហគ្រិនភាព និងការទទួលបានហិរញ្ញប្បទាន។ លោកជំទាវបន្តថា ក្នុងបរិបទកម្ពុជា ទោះបីជាសមាជិកសភាជាស្ត្រីមានចំនួនតិចជាង ២០% ប៉ុន្តែសភាមានប្រធានរដ្ឋសភាជាស្ត្រីទី១ក្នុងប្រវត្តិសាស្ត្រ ចំនួនប្រធាននិងអនុប្រធានគណៈ កម្មការសភាជាស្ត្រីមានការកើនឡើងជាលំដាប់។ ក្នុងខណៈដែល ស្ត្រីក្នុងថ្នាក់ដឹកនាំ មានតំណែងចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់តំណែងជារដ្ឋមន្ត្រីមានចំនួនកើនឡើងគួ រឱ្យកត់សម្គាល់ ដែលក្នុងនោះមានស្ត្រី ជារដ្ឋមន្ត្រីចំនួន៣រូប អគ្គសវនករ១រូប និងអគ្គទេសាភិបាលធនាគារជាតិ ១រូប។ លោកជំទាវ ឡោក ខេង ក៏បានស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា (collaborative effort) ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងអង្គការដៃគូរបស់ចក្រភពអង់គ្លេស ក្នុងវេទិកាសភាដើម្បីលើកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី តួយ៉ាងដូចជា (១) យុទ្ធនាការ #girl2leader (២) យុទ្ធនាការលើកកម្ពស់ការយល់ ដឹងពីសុខភាពស្ត្រី (៣)វេទិកាជំរុញ និងបង្កើនការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ (អប់រំ និង ការងារ) (៤)ការចូលរួមពេញលេញរបស់ស្ត្រីនៅក្នុងបរិវត្តកម្មឌីជីថល ។ល៕





ដោយ៖ ប៊ុនរិទ្ធ





