កិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមព្រៀងគ្នារក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥--
ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កម្ពុជា និង ថៃ បានព្រមព្រៀងលើលក្ខខណ្ឌ ដោយរក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២៤៖០០ នាទី នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ឡើយ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ចំពោះលទ្ធផលការព្រៀងព្រៀងនេះដែរគឺ ភាគីទាំងពីរត្រូវតែចៀសវាងដាច់ខាតរាល់ការបាញ់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់លើទីតាំង ឬកងទ័ពភាគីម្ខាងទៀត ហើយភាគីទាំងពីរមិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។ លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់ជាអវិជមានដល់កិច្ចខិតខំប្រឹងប្រែងយៈពេលវែងក្នុងការដោះស្រាយជម្លោះ ហើយភាគីទាំងពីរឯកភាពគ្នាថា មិនគួរសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬទីតាំងការពារខ្លួនលើសពីផ្នែកខ្លួនឯងឡើយ។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងដែរថា ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនត្រូវផ្សព្វផ្សាយ ឬ ចែករំលែកព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយណាមួយឡើយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយអារម្មណ៍អវិជមានលើសតិអារម្មណ៍សាធារណជន និងបង្កើតបរិយាកាសអំណោយផល កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព៕
ដោយ៖ មករា





