ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ ដើម្បីបំពេញភារកិច្ចជូនពលរដ្ឋបានល្អ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តបានចូលបំពេញការងារនៅអគារថ្មីរបស់ខ្លួនដែលទើបសាងសង់រួច។ ឯកឧត្ដម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តដាក់ឱ្យដំណើរការជាផ្លូវការនូវអគារទីស្នាក់សមាគមក្រុមប្រឹក្សាជាតិរាជធានី-ខេត្តដែលបានធ្វើឡើងតាមបែបសាសនា សុំម្ចាស់ទឹក ម្ចាស់ដីអ្នកថែរក្សាទីតាំងអគារនេះឱ្យសម្រេចបានជោគជ័យ ក្នុងការបំពេញភារកិច្ច។

សូមជម្រាបជូនថា អភិបាលរាជធានីភ្នំពេញបានអនុញ្ញាតប្រគល់ដីជូនសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជានូវសិទ្ធិកាន់កាប់ និងអាស្រ័យផលលើដីមួយកន្លែងទំហំប្រមាណ៤,៣០០ម៉ែត្រការ៉េ ស្ថិតក្នុងសហគមន៍អណ្តូង៣ និងអណ្ដូង៥ ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅទីតាំងដីនេះ នឹងត្រូវសាងសង់អគារទីស្នាក់ការសម្រាប់បុគ្គលិកបំពេញការងារផ្តល់សេវាជូនក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង- ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស ក៏ដូចជាសម្រាប់រៀបចំកិច្ចប្រជុំ ការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។ អគារដែលបានសាងសង់រួចបានក្លាយជាទីស្នាក់ការរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត សម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាគមខណ្ឌ សង្កាត់ រាជធានីភ្នំពេញ។


ពិធីសូត្រមន្តដាក់ឱ្យដំណើរការផ្លូវការអគារនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន និងតំណាងក្រុមប្រឹក្សាក្រុង-ខេត្តទាំង២៥ទូទាំងប្រទេស ប្រមាណ១០០នាក់ និងមានការអញ្ជើញចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញផងដែរ៕
ដោយ សួស សំរិត





