ឯកឧត្តម សុខ លូ៖ ថ្ងៃនេះពលករខ្មែររាប់ម៉ឺននាក់បន្តសម្រុកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ
AKP បាត់ដំបង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀតបាន និងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ។ រហូតមកដល់ពេលនេះមានពលករខ្មែរជាង៦០ម៉ឺននាក់ហើយបានចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។

ពលករខ្មែរបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញដោយមានការទទួលស្វាគមន៍កក់ក្ដៅ។ ពលករខ្មែរថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។

សូមរំលឹកថា ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





