រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំផ្សព្វផ្សាយពិនិត្យចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨
AKP កណ្ដាល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។

មានប្រសាសន៍ក្នុងពិធីបើកនេះផងដែរ លោក ប្រាក់ សារ៉ាត បានលើកឡើងថា កិច្ចប្រជុំធ្វើឡើងនាពេលនេះមានគោលបំណងឱ្យអ្នកពាក់ព័ន្ធពិនិត្យគម្រោងដែលបានលើកឡើងដោយរដ្ឋបាលលខេត្ត មន្ទីរ អង្គភាពនានា ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និង អ្នកពាក់ព័ន្ធដើម្បីធ្វើការផ្គូផ្គង និងរៀចំតាមលំដាប់អាទិភាព សម្រាប់ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានទាន់ពេលវេលាដែលបានកំណត់ក្នុងប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្តបានអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ កាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងមក។

រដ្ឋបាលក្រុង-ស្រុកណែនាំដល់ឃុំ-សង្កាត់ឱ្យទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អង្គការនានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានឱ្យផ្តល់ព័ត៌មានអំពីគម្រោងសកម្មភាពរបស់ខ្លួន ដើម្បីបន្ស៊ីជាមួយកម្មវិធីវិនិយោគឃុំ សង្កាត់ ក្រុង ស្រុក ចៀសវាងការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ សង្កាត់នៅថ្នាក់ ក្រុង ស្រុក នៅក្រៅគម្រោងអាទិភាពឃុំ សង្កាត់។ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មានបានទាន់ពេលវេលា ដែលក្រុមការងារបានកំណត់ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។

លោកអភិបាលរងខេត្តបានបន្តថា ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការរៀបចំ កសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលបើមានបញ្ហាត្រូវរាយការណ៍និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ពេលវេលា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





