រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលអំណោយមនុស្សធម៌ពីធនាគារ Maybank សម្រាប់ប្រជាពលរដ្ឋភៀសសឹក និងកងកម្លាំង
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយជាសម្ភារ និងគ្រឿងឧបភោគបរិភោគជាច្រើនពីធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (Maybank (Cambodia) Plc.) ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីលំនៅឋាន និងកងកម្លាំងប្រចាំការតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ Maybank ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់អំណោយដ៏ថ្លៃថ្លានេះ។ អំណោយទាំងនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសម្រាលការលំបាករបស់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីព្រំដែនកម្ពុជា-ថៃ ទៅកាន់ជំរំដែលមានសុវត្ថិភាព។

អំណោយដែលបានទទួលរួមមាន អង្ករចំនួន៥,០០០គីឡូក្រាម មីចំនួន៥០កេស សាច់ក្រកចំនួន៥០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន៥០យួរ ទឹកត្រីចំនួន៥០យួរ ទឹកសុទ្ធចំនួន១១៧កេស មុងចំនួន២០០មុង ភួយចំនួន២០០ភួយ កន្ទេលចំនួន២០០កន្ទេល តង់កៅស៊ូទំហំ ៣ម x ៤ម ចំនួន១០០តង់ តង់កៅស៊ូទំហំ ៤ម x ៦ម ចំនួន១០០តង់។ អំណោយទាំងអស់នេះនឹងត្រូវរដ្ឋបាលខេត្តបន្ទាយមានជ័យចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងកងកម្លាំងដែលឈរជើងការពារទឹកដីឱ្យបានឆាប់រហ័ស។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យសូមគោរពជូនពរលោក លោកស្រី និងក្រុមការងារធនាគារ Maybank (Cambodia) Plc. ទាំងអស់ សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ឈុន សារ៉ាត





