ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបន្តនាំយកអំណោយរបស់សម្តេចធិបតីជូនជនភៀសសឹក១២២គ្រួសារ ក្នុងស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូនជនភៀសសឹកចំនួន១២២គ្រួសារ ដែលកំពុងស្នាក់នៅទីសុវត្ថិភាពបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រស្រុកថ្មពួក។ ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍នៅសមរភូមិមុខ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីផ្តល់ជំនួយនេះ ដោយមានការចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមការងារជាច្រើនទៀតផងដែរ។

ថ្លែងទៅកាន់បងប្អូនជនភៀសសឹក ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ប្រសាសន៍ទាំងនេះបានបញ្ជាក់ពីការគិតគូរ និងនឹករលឹកជានិច្ចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែលបានឃ្លាតឆ្ងាយពីផ្ទះសម្បែង ដើម្បីមកកាន់ទីសុវត្ថិភាពគេចចេញពីសង្រ្គាមនោះ។

ឯកឧត្តមអភិបាលខេត្តក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការស៊ូទ្រាំ និងការលះបង់របស់ជនភៀសសឹកទាំងអស់។ ការឈ្លានពានរបស់សត្រូវគឺជាការប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជា ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជឿជាក់របស់ប្រជាពលរដ្ឋ ទើបយើងអាចការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ ថែមទាំងបានថ្លែងអំណរគុណចំពោះ វីរកងទ័ពដែលបានលះបង់យ៉ាងអង់អាចដើម្បីបុព្វហេតុជាតិ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែនបានវិលត្រឡប់មកល្អប្រសើរឡើងវិញហើយ ដែលអាចឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។ ទោះជាយ៉ាងណាក៏ដោយ បើបងប្អូនមិនទាន់មានបំណងត្រឡប់ទៅវិញទេ ក្រុមការងារនៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រជានិច្ច។ បន្ថែមពីនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យជនភៀសសឹកទាំងអស់រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរប្រចាំការ ប្រសិនបើមានការខ្វះខាតស្បៀងអាហារ ដើម្បីឱ្យក្រុមការងារអាចដោះស្រាយជូនបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនជនភៀសសឹកទាំង១២២គ្រួសារ ក្នុងមួយគ្រួសារ រួមមានអង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ទឹកបរិសុទ្ធវីតាល់ចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ តង់ចំនួន១។ អំណោយទាំងអស់នេះបានបង្ហាញពីសាមគ្គីភាព និងការខ្វាយខ្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាសុវត្ថិភាព និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងកាលៈទេសៈដ៏លំបាក៕
ដោយ ឈុន សារ៉ាត





