អភិបាលខេត្តតាកែវចែកបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិចំនួន១៨១១បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- នៅឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានរៀបចំពិធីចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៨១១បណ្ណ ជូនម្ចាស់កម្មសិទ្ធិករចំនួន៦០១គ្រួសារ មានចំនួន៤ភូមិគឺ ភូមិតាផាន់ ភូមិតាភិន ភូមិតាញឹម និងភូមិព្រៃបាយ ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងដោយមានការចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកកោះអណ្ដែត និងបងប្អូនប្រជាពលរដ្ឋមកទទួលបណ្ណកម្មសិទ្ធិដីធ្លី។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ជាពិសេសមន្ត្រីជំនាញក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅលើការគ្រប់គ្រងដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់លើការប្រកបមុខរបរអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ការផ្ដល់ប្លង់កម្មសិទ្ធិនេះ វាក៏ជួយកាត់បន្ថយជម្លោះរឿងដីធ្លីបានមួយកម្រិតថែមទៀតផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្ដៅ សុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងជៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់បងប្អូន។


ឯកឧត្តម វ៉ី សំណាង ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងយកប្លង់កម្មសិទ្ធិដីធ្លីរបស់ខ្លួនទៅដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់យកមកបង្កើនមុខរបររបស់ខ្លួន ចៀសវាងមានបញ្ហានៅពេលសងត្រឡប់ទៅវិញ។ ឯកឧត្តមអភិបាលខេត្តតាកែវក៏បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទូលបណ្ណកម្មសិទ្ធិនៅពេលនេះថា បណ្ណកម្មសិទ្ធិគឺជាឯកសារដ៏មានសារៈសំខាន់ជាឯកសារតំណាងឱ្យទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន ហើយអាចបញ្ចៀសនូវជម្លោះផ្នែកដីធ្លីបាន៕
ដោយ អ៊ុច សៀង





