កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិលជាតិ និងជាសមាជិកគណៈកម្មាធិការបោះឆ្នោត ព្រមទាំងនាយកនាយករងរដ្ឋបាលសាលាខេត្ត។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួន ដើម្បីប្រកាសសមាសភាពគណៈកម្មាធិការបោះឆ្នោត និងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងរៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។

យោងតាមអនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើត ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងខ្លឹមសារសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យពលរដ្ឋរាជធានី ខេត្ត។ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ចធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយអំពីការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។ រៀបចំបែងចែក និងទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាំងបេក្ខជនសម្រាប់ឈរឈ្មោះ ជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។ រៀបចំ និងបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងរៀបចំ និងបោះឆ្នោតអនុម័ត ទៅលើសំណើសុំដកហូតមុខតំណែងប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត តាមសំណើរបស់សមាជិក១ភាគ៣ នៃក្រុមប្រឹក្សាខេត្ត ឬសមាជិក ១ភាគ៣ នៃគណៈកម្មាធិការបោះឆ្នោត។

សូមបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាលត្រូវបានដាក់ឱ្យដំណើរការតាមលិខិតលេខ៦៥៦សជណ ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងមក រហូតដល់បច្ចុប្បន្ននេះបានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





