ទីភ្នាក់ងារអង្គការសហប្រជាជាតិ អំពាវនាវឱ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។

អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (០៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជាបានថ្លែងថា៖ «យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ»។

ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។
នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឱ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានឱ្យដឹងទៀតថា អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ..៕



ដោយ៖ សំ សាម៉ន





