អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ថៃកំពុងប្រើប្រាស់យុទ្ធនាការព័ត៌មានមិនពិតដើម្បីបំភាន់ភ្នែកអន្តរជាតិ ស្របពេលដែលកិច្ចសន្ទនាឈប់បាញ់កំពុងដំណើរការ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២៥ -- ប្រទេសថៃបានប្រើប្រាស់នូវអំពើទុច្ចរិតដោយក្នុងនោះ បានប្រើប្រាស់នូវយុទ្ធនាការព័ត៌មានមិនពិតសំដៅធ្វើយ៉ាងណាបំភាន់និបំភ្លៃ ដល់សហគមន៍អន្តរជាតិជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ស្របពេលដែលកិច្ចសន្ទនាឈប់បាញ់កំពុងដំណើរការ។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ជុំ សុន្ទរី បានថ្លែងឱ្យដឹងថា កម្ពុជាកត់សម្គាល់ដោយស្រងាកចិត្តនូវយុទ្ធនាការព័ត៌មានមិនពិតដែលបាននិងកំពុងដំណើរការដោយភាគីថៃ ស្របពេលដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងកិច្ចសន្ទនាសម្រាប់ការអនុវត្តឱ្យពេញលេញនូវបទឈប់បាញ់ ។ ឯកឧត្ដមបន្ដថា យុទ្ធនាការនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបំភាន់សហគមន៍អន្តរជាតិ ការបកស្រាយដោយខុសស្គងនូវជំហររបស់កម្ពុជា និងការបង្វែងការចាប់អារម្មណ៍ពីសកម្មភាពរបស់ខ្លួនឯងផ្ទាល់។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសក៏បានគូសបញ្ជាក់ថា កម្ពុជាបានបង្ហាញឱ្យឃើញច្បាស់ជាប់ជានិច្ច នូវសុច្ឆន្ទៈ ការអត់ធ្មត់ និងការតាំងចិត្តចំពោះសន្តិភាពរបស់ខ្លួន ពិសេសតាមរយៈការគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥នៅប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសុចចិត្ត យ៉ាងសកម្មក្នុងការចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដើម្បីស្វែងរកដំណោះស្រាយផ្លូវការទូត និងតាមកិច្ចចរចា ចំពោះវិបត្តិបច្ចុប្បន្ន ហើយរៀបចំដំណើរការចុះពិនិត្យរបស់អ្នកការទូតបរទេស និងបណ្តាទីភ្នាក់ងារសហប្រជាជាតិនៅតាមទីតាំងជនភៀសខ្លួន។
បើតាមឯកឧត្តម ជុំ សុន្ទរី កម្ពុជាមិនដែលបង្កប្រទូសសារ៉ាយណាមួយឡើយ ហើយសកម្មភាពយោធារបស់កម្ពុជាមានលក្ខណៈការពារខ្លួននៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសក៏បានធ្វើការបញ្ជាក់បន្ថែមថា កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានដែលបានលើកឡើងដោយមន្រ្តីរបស់ថៃ ដែលក្នុងនោះបានចាត់ទុកកម្ពុជាថា ជាអ្នកឈ្លានពាន ហើយបានចោទប្រកាន់កម្ពុជាបានរំលោភបំពានទៅលើលបទឈប់បាញ់ និងចោទកម្ពុជាថាយកជនស៊ីវិលជាគោលដៅវាយប្រហារ។
ក្នុងឱកាសនោះ ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា ការលើកឡើងបែបនេះវាពុំមានការពិតដើម្បីគាំទ្រឡើយ ហើយវាក៏ជាការបំភាន់ដ៏គ្រោះថ្នាក់មួយ ដោយកម្ពុជាសូមអះអាងជាថ្មីទៀតថាកម្ពុជាបានធ្វើសកម្មភាពក្នុងការការពារខ្លួនទៅនឹងការឈ្លានពានមកលើទឹកដី ហើយបានគោរពជានិច្ចនូវបទឈប់បាញ់ជាមួយនឹងការអត់ធ្មត់បំផុត៕
ដោយ៖ មករា





