កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលើកទី១៥ អាណត្តិទី៤ ផ្តោតលើការងាររដ្ឋបាល និងអភិវឌ្ឍន៍ខេត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥--ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល និងការអភិវឌ្ឍន៍ខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះបានពិភាក្សា និងអនុម័តលើរបៀបវារៈ អនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន ក្រុមប្រឹក្សាខេត្តបានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ដើម្បីជាមូលដ្ឋានសម្រាប់បន្តការងារបន្តទៀត។ ពិនិត្យរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៥ និងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ត្រូវបានលើកមកពិនិត្យ ពិភាក្សា និងអនុម័ត ដើម្បីវាយតម្លៃពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ។

ក្រុមប្រឹក្សាខេត្តបានអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី និងបុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៥។ ថវិកានេះក៏នឹងប្រើប្រាស់សម្រាប់ពង្រឹងយន្តការរដ្ឋបាលផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានថ្លែងថា ការអនុម័តលើរបៀបវារៈទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការជំរុញការងាររដ្ឋបាល និងធានាបាននូវតម្លាភាពក្នុងការគ្រប់គ្រង និងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ចំណែក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានគូសបញ្ជាក់ផងដែរថា របាយការណ៍ដែលបានដាក់ជូនកិច្ចប្រជុំគឺបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃការងារអភិវឌ្ឍន៍ខេត្ត ដែលបានអនុវត្តកន្លងមក និង បានលើកទឹកចិត្តដល់គ្រប់មន្រ្តីទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់។
កិច្ចប្រជុំនេះបានដំណើរការទៅយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់៕
ដោយ ឈុន សារ៉ាត





