ពលករខ្មែរជាង២៩៧នាក់វិលត្រឡប់ពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥--យោងតាមសេចក្តីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរចំនួន២៩៧នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន១៨គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់បណ្តាខេត្តនានាប្រកបដោយសុវត្ថិភាព។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងខេត្ត បានដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីចុះជួយសម្របសម្រួលដល់ពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានប្រើប្រាស់រថយន្តចំនួន១៨ គ្រឿង ធ្វើការដឹកជញ្ជូនចំនួន២០លើក ដើម្បីនាំពលរដ្ឋទាំងនោះទៅកាន់ខេត្តគោលដៅរបស់ពួកគាត់។ កិច្ចការនេះបានប្រព្រឹត្តទៅចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៤៖០០ល្ងាច។

ក្នុងចំណោមពលរដ្ឋទាំង២៩៧នាក់ មានស្ត្រីចំនួន១២៦នាក់។ ពួកគាត់ត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តចំនួន៥ផ្សេងៗគ្នា៖ ខេត្តបន្ទាយមានជ័យ ២៦៤នាក់ (ស្រី១១៣នាក់) ខេត្តព្រៃវែង២៦នាក់ (ស្រី៨នាក់) ខេត្តពោធិ៍សាត់២នាក់ (ស្រី២នាក់) ខេត្តបាត់ដំបង៤នាក់ (ស្រី២នាក់) ខេត្តឧត្តរមានជ័យ៣នាក់ (ស្រី១នាក់)។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានមានប្រសាសន៍ថា សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។ លោកក៏បានកត់សម្គាល់ពីចំណាប់អារម្មណ៍របស់ពលករដែលបានសម្តែងការដឹងគុណចំពោះការជួយសម្រួលពីសំណាក់អាជ្ញាធរនៅច្រកព្រំដែនប៉ោយប៉ែត៕

ដោយ ឈុន សារ៉ាត





