ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានលើកទឹកចិត្តក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ និងក្រុមហ៊ុន អ៊ីសស្ទើន រ៉ាប់ប័រ (ខេមបូឌា) ពង្រីកគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន ដែលដឹកនាំដោយលោក TRAN BAO SON អភិបាលនៃក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ និង លោក NGUYEN TUAN ANH អភិបាលនៃក្រុមហ៊ុន អ៊ីសស្ទើន រ៉ាប់ប័រ (ខេមបូឌា) ដើម្បីពិភាក្សាលើគម្រោងវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។

លោក TRAN BAO SON បានឱ្យដឹងថា ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ និងក្រុមហ៊ុន អ៊ីសស្ទើន រ៉ាប់ប័រ (ខេមបូឌា) ជាក្រុមហ៊ុនគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងយន្តូបនីយកម្ម ដោយបានបោះទុនវិនិយោគនៅខេត្តរតនគិរី និងខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជាក្នុងទិសដៅនាំចេញផលិតផលទៅទីផ្សារប្រទេសចិន ជប៉ុន កូរ៉េ វៀតណាម អាស៊ីកណ្តាល និងមជ្ឈឹមបូព៌ា។ ក្រុមហ៊ុនកំពុងសិក្សាសមិទ្ធិលទ្ធភាព និងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត ហើយត្រូវការកិច្ចសហការគាំទ្រ និងសម្របសម្រួលក្នុងការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុន។

ជាការឆ្លើយតប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការរីករាយ និងស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី តែងចាត់ទុកការកែច្នៃ និងការនាំចេញផលិតផលកសិកម្មជាអាទិភាព។ ក្នុងន័យនេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាននឹងផ្តល់ការគាំទ្រ និង ការសម្របសម្រួលឱ្យពេញទំហឹង ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យអាទិភាពនេះ សំដៅចូលរួមចំណែកដល់ការបង្កើតការងារធ្វើ ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលជូនក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុនឱ្យសម្រេចបានដោយជោគជ័យ និងរលូន ជាពិសេស ការសម្រេចឱ្យបានឆាប់ៗនូវការពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕
ដោយ ទូច វលក័្ខណ





