គ.ជ.ប ផ្តល់សុពលភាពនិងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដល់ប្រជាពលរដ្ឋជាង១០លាននាក់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា គ.ជ.ប បានផ្តល់សុពលភាពនិងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដល់ប្រជាពលរដ្ឋចំនួនសរុបចំនួន ១០ ១៦២ ២៣២ នាក់ ក្នុងនោះស្ត្រីមានចំនួន ៥ ៣៩៣ ៣០៩នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង។ រីឯការិយាល័យបោះឆ្នោត មានចំនួន ២៤ ២៣៥ ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងចំនួន៤៥ការិយាល័យ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥នេះ នឹងត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ១ច្បាប់ និងសាលាឃុំ សង្កាត់ ១ច្បាប់ ដើម្បីរក្សាទុកជាបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍។ ឯកឧត្ដមបន្ដថា បញ្ជីបោះឆ្នោតផ្លូវការនោះត្រូវមានទិន្នន័យ ដូចជា ឈ្មោះ និងលេខកូដរាជធានី ខេត្ត ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត អត្តលេខអ្នកបោះឆ្នោត រូបថតអ្នកបោះឆ្នោត ប្រភេទឯកសារអ្នកចុះឈ្មោះបោះឆ្នោត នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ ភេទ ថ្ងៃខែឆ្នាំកំណើត លំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។

ឯកឧត្ដមសមាជិក គ.ជ.ប បានលើកឡើងថា ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនេះបាននៅតាមសាលាឃុំ សង្កាត់ ឬ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត(លធ.ខប) ឬចូលពិនិត្យមើលតាមអាសយដ្ឋានវេបសាយ voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត វៃ(Mobile App) NEC KH។ សម្រាប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការ ច្បាប់ថតចម្លងបាន ដោយបង់ថ្លៃ តាមតម្លៃផលិត។

គួររម្លឹកដែរថា បើតាមបញ្ជីបោះឆ្នោតឆ្នាំ២០២៤ អ្នកមានសិទ្ធិបោះឆ្នោតចំនួនសរុប ៩ ៩៩២ ៤២១នាក់ ក្នុងនោះស្ត្រីមានចំនួន ៥ ៣០៤ ៨៥៥ នាក់៕

ដោយ៖ ជឹម ណារី





