ភូមិចំនួន៥ ស្រុកកៀនស្វាយ ត្រូវបានបិទផ្សាយឯកសារនៃការវិនិច្ឆ័យជាសាធារណៈជូនប្រជាពលរដ្ឋមកពិនិត្យមើល
AKP កណ្ដាល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ភូមិចំនួន៥ ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ត្រូវបានបិទផ្សាយ នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនពីភាពត្រឹមត្រូវពិតប្រាកដ ចៀសវាងខុសឆ្គងដោយប្រការណាមួយ ដោយពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តបទុមឌិនសុវណ្ណរារាម ។

លោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកកៀនស្វាយ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង។ ការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។

អភិបាលរងស្រុកបានសាទរ និងអរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារៈប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ស្រុកកៀនស្វាយបានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន២១លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៥ភូមិ គឺភូមិព្រែកដូង២ ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ សរុបមានចំនួន ៦៩៣៤ក្បាលដី ដោយគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





