រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតជ័យលាភីអាហារូបករណ៍០៦រូប ដែលទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ក្នុងជំនួបជាមួយក្រុមនិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានប្រឡងជាប់អាហារូបករណ៍ចំនួន០៦រូប ដែលនឹងត្រូវចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Ecole Polytechnique និង ENSIIE (École Nationale Supérieure d'Informatique pour l'Industrie et l'Entreprise) ប្រទេសបារាំង នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតជ័យលាភីទាំង០៦រូប ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនេះដោយឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពឧស្សាហ៍ព្យាយាមគួរឱ្យកោតសរសើរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍នេះគឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់ប្អូនៗក្នុងការបន្តពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍នៃ ការសិក្សានៅក្រៅប្រទេស ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានទៅមុខយ៉ាងលឿនជាមួយនឹងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) មានឱកាសសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធអប់រំទំនើប ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ប្អូនៗ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជូនពរដល់និស្សិតទាំង០៦រូបសូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានផ្ដល់អនុសាសន៍ដល់ពួកគេឱ្យបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗទាំងនៅក្នុងសាលា និងពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួនក្លាយជាបញ្ញវន្តដែលមានចំណេះដឹងច្បាស់លាស់ និងជំនាញពិតប្រាកដ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅពេលត្រឡប់មកជាតិមាតុភូមិវិញ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





