សិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក សម្រាប់សហគមន៍ និងទន្លេមេគង្គ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- លោកស្រី ប៊ូ សុភ័ស្ត អនុប្រធានការិយាល័យធនធានទឹកនៃនាយកដ្ឋានធនធានធម្មជាតិ អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមសិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា។

សិក្ខាសាលាមានគោលបំណងចែករំលែកព័ត៌មាន និងកិច្ចអន្តរាគមន៍របស់គម្រោងទៅកាន់អ្នកពាក់ព័ន្ធ និងអ្នកទទួលផលពីគម្រោង ស្វែងរក និងធាតុចូលដើម្បីកែលម្អសកម្មភាព និងវិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមសម្រាប់អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និង ចែករំលែកចំណេះដឹង ដំណោះស្រាយ កិច្ចខិតខំប្រឹងប្រែង និងបទពិសោធន៍នៃការអនុវត្តថ្មីនៃការគ្រប់គ្រងសំណល់ប្លាស្ទិក និងការអនុវត្តយុទ្ធសាស្រ្តចក្រាបរិស្ថាន។

សិក្ខាកាមដែលបានចូលរួម មានតំណាងមកពីក្រសួង-ស្ថាប័ន ស្ថានទូត-ដៃគូអភិវឌ្ឍន៍ រាជបណ្ឌិតសភាកម្ពុជា ស្ថាប័នសិក្សា មន្ទីរជំនាញ រាជធានី-ខេត្តពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូប៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





