ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យមានជនភៀសសឹកកម្ពុជានៅក្នុងខេត្ដចំនួន៥ កើនឡើងជាង១៧ម៉ឺននាក់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥--បន្ទាប់ពីមានជម្លោះកើតឡើងនៅតាមព្រំដែនរវាងកម្ពុជា-ថៃ ក្នុងរយៈពេល៥ថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃ២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យមានជនភៀសសឹកកម្ពុជា នៅក្នុងខេត្តចំនួន៥ កើនឡើងរហូតជាង១៧ម៉ឺននាក់ ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ១៧ និង៤៥នាទី មានជនភៀសសឹកនៅក្នុងខេត្តចំនួន៥ មានកើនឡើងដល់ ១៧២ ០៩៤ នាក់ ដែលខេត្ដទាំងនោះ រួមមាន ខេត្តឧត្តរមានជ័យមានចំនួន ៣៩ ៥៤៦ នាក់ ខេត្តព្រះវិហារចំនួន ៣២ ៥៥៨ នាក់ ខេត្តបន្ទាយមានជ័យចំនួន ៣៥ ០៥៧ នាក់ ខេត្តពោធិ៍សាត់ចំនួន ៣ ០២៦ នាក់ និងខេត្តសៀមរាបចំនួន ៦១ ៩០៧ នាក់៕
ដោយ៖ ប៊ុនរិទ្ធ





