អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាគូសបញ្ជាក់ថា កម្ពុជា-ថៃ ព្រមព្រៀងយកថ្ងៃ០៤ ខែសីហា ឆ្នាំ២០២៥ បើកកិច្ចប្រជុំ GBC នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានការឯកភាពគ្នាអនុវត្តន៍បទឈប់បាញ់កាលពីពេលកន្លងមក ភាគីកម្ពុជា-ថៃ បានព្រមព្រៀងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ភាគីកម្ពុជា-ថៃ ទទួលបានភាពជោគជ័យមួយចំនួនគឺធានាថាសង្គ្រាមមិនត្រូវកើតមាន ហើយត្រូវបញ្ចប់ និងត្រូវជំនួសមកវិញនូវសុខសន្តិភាព។ លោកជំទាវឧត្តមសេនីយ៍ឯកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានគោរពនិងអនុវត្តន៍នៃកិច្ចព្រមព្រៀង និងបានជួបប្រជុំគ្នានៅកម្រិតថ្នាក់ភូមិភាគ ហើយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនប្រតិភូអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ហើយបានមកដល់កម្ពុជា និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរួចហើយផងដែរ»។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានឱ្យដឹងផងដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានរៀបចំកម្មវិធីចុះទៅផ្ទាល់ដោយមានគណៈប្រតិភូចំនួន១៣ប្រទេស ក្នុងនោះបានចុះទៅដល់ច្រកអានសេះ និងកងពលលេខ៣ ។
ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា៖ «ភាគីកម្ពុជា- ថៃ បានព្រមព្រៀងគ្នាដោយកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំ GBC ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជំហានទាំងនេះហើយដែលបង្ហាញថា កម្ពុជាបានអនុវត្តន៍នូវយន្តការយ៉ាងម៉ឺងម៉ាត់នូវអ្វីដែលបានឯកភាពគ្នា ហើយជាយន្តការមួយដែលនឹងបង្កើតឱ្យមានក្រុមអ្នកអង្កេតការណ៍ក្នុងការអនុវត្តបទឈប់បាញ់»៕
ដោយ៖ ប៊ុនរិទ្ធ





