កងពលតូចដឹកជញ្ជូនលេខ៩០ទទួលអំណោយពីព្រះសង្ឃ ស្រុកលើកដែក
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- លោក វរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានទទួលភារកិច្ចដឹកនាំបញ្ជាផ្ទាល់នៅទីបញ្ជាការស្រាលរបស់កងពលទិសទី១ ប្រាសាទព្រះវិហារ បានទទួលអំណោយដ៏មានតម្លៃពីព្រះសង្ឃអនុគណស្រុកលើកដែក ខេត្តកណ្ដាល។

អំណោយរួមមាន អង្ករចំនួន២៥០គីឡូក្រាម មីចំនួន២០កេស ទឹកសុទ្ធចំនួន៥០កេស ត្រីខកំប៉ុង ចំនួន៧កេស ទឹកស៊ីអ៊ីវចំនួន២០យួរ ទឹកត្រីចំនួន២០យួរ ពងទាចំនួន១០០០គ្រាប់ ធូបមូសចំនួន ២០ប្រអប់ ប៊ីចេងចំនួន៥០កញ្ចប់ ទឹកដោះគោឆៅ ចំនួន១០យួរថ្នាំដុសធ្មេញ ចំនួន ១០០បំពង់ សាប៊ូ ចំនួន៥០កញ្ចប់ ឆៃប៉ូវ ចំនួន ៣០គីឡូក្រាម សៀងចំនួន៣០គីឡូក្រាម ក្រម៉ាចំនួន៥០ ស្ករសចំនួន៥០គីឡូក្រាម ទឹកក្រូចចំនួន១៥កេស ត្រីងៀតចំនួន១០គីឡូក្រាម បន្លែគ្រប់មុខចំនួន៧០០គីឡូក្រាម។

ក្នុងឱកាសនោះ ព្រះតេជគុណអនុគណស្រុកលើកដែកបានមានសង្ឃដីកាថា អំណោយទាំងអស់នេះគឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទ និងបណ្ដាវត្តមួយចំនួននៅក្នុងស្រុកលើកដែក សម្រាប់ជួយដល់កងទ័ពដែលកំពុងបំពេញបេសកកម្មនៅទីបញ្ជាការស្រាលរបស់កងពល ដោះស្រាយ និងប្រើប្រាស់តាមតម្រូវការ។

ជំនួសមុខឱ្យឧត្តមសេនីយ៍ ឈរ សុខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ លោកវរសេនីយ៍ឯក វឿន វិចិត្រ មានក្ដីរំភើបក្រៃលែងដែលព្រះតេជគុណបានឧបត្ថម្ភនូវអំណោយដ៏មានតម្លៃខាងលើនេះជូនដល់កងទ័ពនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពចូលរួមរបស់សមរភូមិក្រោយដល់សមូរភូមិមុខ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





