ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញសួរសុខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងសួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យសកម្មភាពការបម្រើសេវាសុខាភិបាល សួរសុខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងសួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យបានលើកជាអនុសាសន៍សំខាន់ៗ ជូនមន្រ្តីសុខាភិបាល ដោយត្រូវផ្តោតជាពិសេសលើផ្នែកសង្រ្គោះបន្ទាន់ (Emergency Care) ផ្នែកសង្រ្គោះកម្រិតធ្ងន់ (ICU) និងជំនាញវះកាត់ទូទៅ ក៏រួមមានផ្នែកសម្ពព និងរោគស្រ្តីផងដែរ ដើម្បីបន្តធានាបាននូវនិរន្តរភាពនៃគុណភាព ប្រសិទ្ធិភាព និងភាពជឿទុកចិត្តកាន់តែប្រសើរ។ មន្ទីរពេទ្យត្រូវបង្កើនការបណ្តុះបណ្តាលបន្តនៅមន្ទីរពេទ្យជាតិ សហការគ្នាឱ្យបានជិតស្និតជាមួយអ្នកជំនាញ ក្នុងករណីដែលមានតម្រូវការបន្ទាន់ ដោយអាចធ្វើការប្រជុំបច្ចេកទេស ឬដោះស្រាយបញ្ហាស្មាគស្មាញពីចំងាយបានជាមួយអ្នកជំនាញ (Telemedicine) ដើម្បីផ្តល់ការណែនាំ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា (RCP)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្ដែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងបន្តរក្សាសកម្មភាពល្អបែបនេះទៅមុខបន្តទៀត។ ឯកឧត្តមសាស្ត្រាចារ្យសូមជូនពរបុគ្គលិកសុខាភិបាលទាំងអស់ នៅទូទាំងប្រទេស សូមមានសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ដើម្បីបន្តចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ អ្នកជំងឺ និងក្រុមគ្រួសារ ថែមទាំងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុ្ងងការឆ្លើយតបបន្ទាន់ នូវគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។ ឯកឧត្តមសាស្រ្តាចារ្យ បានប្រគល់ជូនអំណោយមួយចំនួន ដល់មន្រ្តីសុខាភិបាលខេត្តពោធិ៍សាត់ ដែលខិតខំក្នុងបំពេញការងារ មោះមុត ជាមួយស្មារតីទទួលខុសត្រូវ។

សូមគូសបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល ចំនួន ៦ខេត្តជាប់ព្រំដែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





