ឯកឧត្តម ឡាំ ជា អញ្ជើញទៅសួរសុខទុក្ខ និងចែកសម្ភារ ថវិកាជូនពលករមកពីប្រទេសថៃ និងជនភៀសសឹក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ចែកសម្ភារ ថវិកា ចែកជូនបងប្អូនពលករមកពីប្រទេសថៃ និងជនភៀសសឹក សរុបចំនួន ១០០នាក់ នៅក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដមរដ្ឋមន្ត្រី និងអង្គពិធីបានគោរពស្មឹងស្មាធរយៈពេល១នាទី ដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុត និងដើម្បីឧទ្ទិសជូនវីរកងទ័ពដ៏មោះមុតអង់អាចក្លាហានកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញ ដោយបានធ្វើពលិកម្មហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងលះបង់គ្រប់បែបយ៉ាងរួមទាំងជីវិត ដោយមិនរួញរា ក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ការពារប្រជាជន និងការពារអនាគតកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គា្រម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង និងសូមចូលរួមយ៉ាងក្លៀវក្លាសាមគ្គីជាធ្លុងមួយក្នុងការពង្រឹងការពារ ថែរក្សាឱ្យបាននូវសុខសន្ថិភាព សាមគ្គីភាព អធិបតេយ្យជាតិ បូរណភាពទឹកដីឱ្យស្ថិតស្ថេរគង់វង្សជាដរាបតរៀងទៅ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





