រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ខេត្ដព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម។ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ អំណោយចម្រុះជាង១០០មុខដែលបានមកពីទឹកចិត្តសប្បុរសជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពានយ៉ាងគឃ្លើនរបស់ទាហានថៃមកលើអធិបតេយ្យភាពកម្ពុជានៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
អំណោយទាំងអស់នេះត្រូវបានឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ជូនមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន ៣៧៤៨គ្រួសារ ស្មើនឹង១២៧២២នាក់។ អំណោយទាំងនោះរួមមាន៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ភួយ មុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។

ឯកឧត្ដម ឯក ឃុនដឿន តំណាងឱ្យអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានអររគុណគុណចំពោះទឹកចិត្តសប្បុរសជននៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធានតាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន៦ឃុំ ក្នុងចំណោម ៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១៥៥៨គ្រួសារ ស្មើនឹង ២៧០៥៣ នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់ នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន៥៨៥៥គ្រួសារ ស្មើនឹង១៩៩៤៣ នាក់។ ដោយឡែកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន៣៧៤៨គ្រួសារ ស្មើនឹង១២៧២២នាក់។

ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងឱកាសនោះដែរ ក៏បានអរគុណជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឱ្យតំណាងអភិបាលរងរាជធានីមួយរូបនាំយកអំណោយរបស់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងរាជធានីភ្នំពេញមកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើមនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គី ភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ៕
ដោយ សួស សំរិត





