លទ្ធផលជំនួបនៅម៉ាឡេស៊ី៖ កម្ពុជា-ថៃ ឯកភាពគ្នា៣ចំណុចធំៗ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង
៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ សម្ដេចធិបតី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចធិបតី ក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្ដេចធិបតី ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន





