ពលរដ្ឋខ្មែរឥស្លាមធ្វើពិធីថ្វាយបង្គំបួងសួងសុំសេចក្តីសុខ និងឧបត្ថម្ភគាំទ្រដល់កងទ័ព និងជនភៀសសឹក
AKP កំពត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--
ដើម្បីជំរុញលើកទឹកចិត្ត ក៏ដូចជាបង្ហាញនូវការដឹងគុណចំពោះវីរកងទ័ពដែលកំពុងឈរជើងច្បាំងការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងដើម្បីចូលរួមជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនជនភៀសសឹក ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត បានដឹកនាំពលរដ្ឋខ្មែឥស្លាមធ្វើពិធីថ្វាយបង្គំបួងសួងសុំសេចក្តីសុខ និងជ័យជម្នះ និងកៀរគរថវិកា និងស្បៀងអាហារមួយចំនួនសម្រាប់បរិច្ចាគជូនកងទ័ព និងជនភៀសសឹកនៅតំបន់ព្រំដែន។

ឯកឧត្តម ម៉ាត់ សេត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជនភៀសសឹក និងការតស៊ូដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ក្នុងការច្បាំងការពារទឹកដីពីការឈ្លានពានរបស់ទាហានសៀម និងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាផង បងប្អូនខ្មែរឥស្លាមនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ បានសហការរៀបចំពិធីថ្វាយបង្គំបួងសួងដល់ព្រះ ដើម្បីសុំសេចក្តីសុខ និងជ័យជម្នះកើតមានដល់វីរកងទ័ព និងបងប្អូនជនភៀសសឹក។ ក្នុងនាមជាតំណាងរាស្ត្រ ក៏ដូចជាពលរដ្ឋម្នាក់ ឯកឧត្តមគាំទ្រ និងជឿជាក់ចំពោះយន្តការ និងការដឹកនាំរបស់សម្តេចទាំងទ្វេ ក្នុងការដោះស្រាយជម្លោះព្រំដែន ក៏ដូចជាការបញ្ជាកងទ័ពច្បាំងការពារទឹកដីពីចោរឈ្លានពានសៀម។

ប្រជាពលរដ្ឋខ្មែរឥស្លាមដែលបានចូលរួមបរិច្ចាគថវិកា និងស្បៀងអាហារ ក៏បានបង្ហាញពីទឹកចិត្តសប្បាយរីករាយដែលបានចូលរួមចំណែកជួយជំរុញលើកទឹកចិត្តដល់វីរកងទ័ព និងជួយដល់បងប្អូនជនភៀសសឹក។ ពួកគាត់ពិតជាមានមោទនភាពចំពោះវីរកងទ័ពខ្មែរ ដែលបានឈរជើងយ៉ាងអង់អាចក្លាហាន និងមុតមាំ ការពារទឹកដីជាតិមាតុភូមិពីខ្មាំងសត្រូវឈ្លានពាន។

ចំពោះថវិកាបរិច្ចាគនៅពេលនេះសរុបមានចំនួន៣ ៧០០ ០០០រៀល និងស្បៀងអាហារមាន៖ អង្ករ៦៦០គីឡូ មី១២០កេស ត្រីខ២៤យួរ ទឹកត្រី៨យួរ ទឹកស៊ីអ៊ីវ២៦យួរ ទឺកសុទ្ធ៣៥យួរ និង១០កេស បារី១សុង នំម៉ៃឌាស់២ប្រអប់ ត្រីងៀត១គីឡូ ទឹកផ្លែឈើ២កេស កាហ្វេ១ថង់។ ថវិកា និងស្បៀងអាហារនេះនឹងប្រគល់ជូនទៅអាជ្ញាធរស្រុកទឹកឈូ ដើម្បីដឹកជញ្ជូនបន្តទៅឱ្យកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមតំបន់ព្រំដែន៕
ដោយ ប្រាក់ លាង





