ក្រសួងការបរទេសកម្ពុជា ប្រកាសទាត់ចោលចំពោះការបោទប្រកាន់ដោយគ្មានមូលដ្ឋានសម្អាងរបស់ភាគីថៃមកលើកម្ពុជាថាបានធ្វើការវាយប្រហារទៅលើជនស៊ីវិល និងលើមន្ទីរពេទ្យថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការបោទប្រកាន់ដោយគ្មានមូលដ្ឋានសំអាងរបស់ភាគីថៃមកលើកម្ពុជា ដែលថាកងទ័ពកម្ពុជាបានធ្វើការវាយប្រហារទៅលើជនស៊ីវិល ព្រមទាំងបានវាយទៅលើមន្ទីរពេទ្យថែមទៀត។ ការប្រកាសទាត់ចោលរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ជុំ សុន្ទរី មានប្រសាសន៍ថា កាលពីម្សិលមិញ គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្រព័ន្ធឃោសនារបស់ថៃបានចុះផ្សាយដំណឹងថា ក្រសួងការបរទេសថៃ កំពុងតែត្រៀមរៀបចំដើម្បីធ្វើការប្តឹងតវ៉ាទៅគណៈកម្មការកាកបាទក្រហមអន្តរជាតិ និងប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺចោទដោយគ្មានមូលដ្ឋានសម្អាងថា កម្ពុជាបានធ្វើការវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃដូចដែលបានលើកឡើងខាងលើ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ទៀតថា ការអះអាងរបស់ភាគីថៃដែលថាកងកម្លាំងកម្ពុជាបានបើកការវាយប្រហារដោយមិនរើសមុខទៅលើជនស៊ីវិល និងទីតាំងសាធារណៈនោះ គឺជាការបំភ្លៃការពិតដោយចេតនារបស់ខាងភាគីថៃ ហើយចំពោះការចោទប្រកាន់ដែលថាកម្ពុជាតម្រង់គោលដៅលើជនស៊ីវិល ដោយឯកឧត្តមបានធ្វើការគូសបញ្ជាក់បន្ដែមថា កម្ពុជាពិតជាបានប្រកាន់យកយ៉ាងម៉ឺងម៉ាត់នៅក្នុងគោលការណ៍ក្នុងការបញ្ចៀសគោលដៅជនស៊ីវិលស្របតាមកាតាព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ចំពោះការចោទប្រកាន់ដែលមានចរិតលាក់ពុតរបស់ថៃពាក់ព័ន្ធបញ្ហាមីន ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសក៏បានលើកឡើងផងដែរថា កម្ពុជានៅតែជារដ្ឋភាគីដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា ហើយតែងតែបានសហការយ៉ាងសកម្មជាមួយស្ថាប័នបោសសម្អាតមីនអន្តរជាតិ ដែលបានទទួលនូវការសរសើរ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ៕
ដោយ៖ ចាន់ សុភឿន





