ឯកឧត្តម សួស យ៉ារ៉ា ចុះពិនិត្យមើលដំណើរការព្យាបាលព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាធារណរដ្ឋកូរ៉េ
AKP កំពង់ធំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលដំណើរការព្យាបាលជំងឺ ក្នុងកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន និងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តដោយឥតគិតថ្លៃ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន និងក្រុមការងារទាំងអស់ដែលបានចូលរួមសហការក្នុងកម្មវិធីនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំក៏បានជម្រាបជូនមិត្តកូរ៉េអំពីការឈឺចាប់របស់ជនជាតិខ្មែរ ដែលកំពុងរងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ចំពោះការឈឺចាប់ទាំងនេះឯកឧត្តមបានប្រាប់ប្រជាជនថា សូមឱ្យការឈឺចាប់នេះកុំឱ្យឈឺចាប់ដល់រាងកាយត្រូវតែខិតខំថែរក្សាសុខភាព ឱ្យកូនចៅខិតខំប្រឹងប្រែងរៀនសូត្រ និងខិតខំប្រឹងប្រែងធ្វើការងារដើម្បីកសាងប្រទេសជាតិយើង។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជន មានសេចក្តីសោមនស្សរីករាយ ដែលសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅនៅខេត្តកំពង់ធំ ដោយមិនប្រកាន់និន្នាការ នយោបាយ សាសនា វណ្ណៈឡើយ គឺក្នុងគោលបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ គិតត្រឹមថ្ងៃទីពីរនេះមានបងប្អូនប្រជាពលរដ្ឋចំនួន២៥៧៦នាក់បានមកទទួលការពិនិត្យ និងព្យាបាលជំងឺ៕
ដោយ ស៊ុម វណ្ណា





