អ្នកនាំពាក្យក្រសួងការបរទេសគូសបញ្ជាក់ថា ជំហរប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកំពុងមានការកើនឡើងនូវការគាំទ្រពីសហគមន៍អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ចំពោះជំហរប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាកគឺកំពុងមានការកើនឡើងនូវការគាំទ្រពីសហគមន៍អន្តរជាតិ ដែលពួកគេចង់ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងគូជម្លោះក្បែរខាងគ្នាទាំងពីរគឺ កម្ពុជា និងថៃ ដែលធ្វើការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងតាមរយៈការទូត។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងថា បើយើងងាកទៅមើលពីការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ យើងសង្កេតឃើញថាមានការដកស្រង់នូវការ ថ្លែងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ហើយដែលតាមការថ្លែងនោះ និងតាមការដកស្រង់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិគឺមានចំណុច ៣ ដែលគួរឱ្យចាប់អារម្មណ៍ ដែលចំណុចទី១. គឺឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម បាន ប្រកាសថានឹងបន្តជំរុញសំណើរបស់ខ្លួនដើម្បីឱ្យមានការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ទី២. ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានគូសបញ្ជាក់ថា កម្ពុជាបានគាំទ្រនូវសំណើររបស់ឯកឧត្តមឱ្យមានការឈប់បាញ់គ្នានេះ ហើយឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានលើកឡើងថា ភាគីថៃក៏បានឯកភាពជាគោលការណ៍ ហើយចំពោះចំណុចទី៣.ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម បានណែនាំឱ្យមន្ត្រីការបរទេសម៉ាឡេស៊ីធ្វើការសម្របសម្រួលជាមួយកម្ពុជា និងថៃឡង់ដ៏ ដើម្បីសម្របសម្រួលក្នុងការជំរុញសំណើរបស់ឯកឧត្តមឱ្យមានបទឈប់បាញ់ ហើយប្រសិនបើចាំបាច់ឯកឧត្តមនឹងធ្វើការទំនាក់ទំនងដល់ភាគីទាំងពីរដោយផ្ទាល់។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឱ្យដឹងទៀតថា បើសិនជាយើងពិនិត្យទៅឃើញថាសំណើរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ដែលបានលើកឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចធិបតីបានឯកភាពទៅតាមសំណើនោះរួចទៅហើយ។ ឯកឧត្ដមបានអះអាងថា ចំណុចនេះគឺវាច្បាស់លាស់ណាស់ដោយមានការកត់ត្រានៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានចែកផ្សាយដល់សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅមុនកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀតផង។
ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមថា៖ «ការណ៍នេះបានជំរុញឱ្យមានការគាំទ្រកាន់តែកើនឡើងពីសហគមន៍អន្តរជាតិមកលើកម្ពុជា ព្រោះតែកម្ពុជាមានជំហរប្រកបដោយសុឆន្ទៈនៅក្នុងការដោះស្រាយជម្លោះ ក្នុងនោះក៏មានការគាំទ្រពីប្រធានបច្ចុប្បន្នរបស់អាស៊ាននៅក្នុងការជេំរុញឱ្យមានការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ ហើយធ្វើការដោះស្រាយជម្លោះដោយកិច្ចសន្ទនា និងតាមការទូត»៕
ដោយ៖ ចាន់ សុភឿន





