អាជ្ញាធរខេត្តកំពង់ឆ្នាំងបញ្ជូនរថយន្តទៅដឹកបងប្អូនពលករពីព្រំដែនត្រឡប់មកស្រុកកំណើតវិញ
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តបញ្ជូនរថយន្តរបស់រដ្ឋបាលខេត្តទៅដឹកបងប្អូនពលករ ពីព្រំដែនត្រឡប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណតរថយន្តខេត្តកំពង់ឆ្នាំង អមដំណើរដោយ អាជ្ញាធរខេត្ត ប្រធានក្រុមប្រឹកក្សាខេត្ត លោក លោកស្រី និងថ្នាក់ដឹកនាំមូលដ្ឋានខេត្តជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា នេះជាការស្រឡាញ់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋភិបាលចំពោះប្រជាពលរដ្ឋកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តគ្រប់ខេត្ត ក្រុង នៅទូទាំងប្រទេស ដើម្បីសសម្រួលដល់ការធ្វើដំណើររបស់បងប្អូនដែលចាកចេញពីប្រទេសថៃ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ពីការសាទររបស់ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកស្រកកំណើត-ភ្នំពេញ-ទៅតាមបណ្ដាខេត្តនានាបានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះវិលត្រឡប់មកដោយមិនបង់ប្រាក់ក្នុងឱកាសដែលពលរដ្ឋខ្មែរកំពង់ជួបការលំបាកផងនេះ។ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ទាំងរថយន្ត អ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធ ដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យ ដើម្បីរៀបចំទទួលពលករ តាមគោលដៅចេញដំណើរខេត្តនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ ជិះដោយមិនបង់ប្រាក់ ត្រឡប់ពីប្រទេសថៃ ឆ្ពោះទៅបណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តមអភិបាលខេត្តបានរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រជាពលរដ្ឋជួបការលំបាកដោយឥតគិតថ្លៃ ហើយក៏ជាការរួមចំណែកក្នុងការកាត់បន្ថយការដំឡើងថ្លៃរថយន្តឈ្នួល និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ធ្វើដំណើរប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព៕
ដោយ បៃ ស៊ីថុន





