ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បន្តចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយការឈ្លានពាននៅព្រំដែនខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋជាង ៦០០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែនអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់ទីទួលសុវត្ថិភាព។ ការចុះសួរសុខទុក្ខនេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពឈ្លានពានយ៉ាងគឃ្លើនពីសំណាក់ទាហានថៃ ចាប់តាំងពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានថ្លែងយ៉ាងម៉ឺងម៉ាត់ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងបានបញ្ជាក់ថា «យើងទាំងអស់គ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់។ យើងមិនអាចអនុញ្ញាតឱ្យមានការបាត់បង់សូម្បីតែមួយមីលីម៉ែត្រនៃទឹកដីរបស់យើងនោះទេ»។ ប្រសាសន៍នេះបានឆ្លុះបញ្ចាំងពីជំហររឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមសាមគ្គីផ្ទៃក្នុង ដើម្បីទប់ទល់នឹងរាល់ទម្រង់នៃការឈ្លានពានពីខាងក្រៅ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង និងបានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការជម្លៀស និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា «ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់ការគាំទ្រ និងជំនួយចាំបាច់ដល់បងប្អូនទាំងអស់រហូតដល់ស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ»។ ឯកឧត្តមអ៊ុំរាត្រីបានបន្ថែមថា អាជ្ញាធរខេត្តនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែន និងត្រៀមលក្ខណៈជានិច្ចក្នុងការចាត់វិធានការបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។
ក្នុងអំឡុងពេលចុះសួរសុខទុក្ខនេះ ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី រួមជាមួយក្រុមការងារ បាននាំយកអំណោយជាសម្ភារ និងស្បៀងអាហារមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលបានទទួលជំនួយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា ជំហរការពារបូរណភាពទឹកដីព្រឹត្តិការណ៍ឈ្លានពាននេះ បានរំលេចឡើងនូវសារៈសំខាន់នៃការរក្សាបាននូវការប្រុងប្រយ័ត្នខ្ពស់ និងការត្រៀមលក្ខណៈជានិច្ចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏ត្រៀមខ្លួនជាស្រេចក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនពីការឈ្លានពានណាមួយ៕
ដោយ ឈុន សារ៉ាត





