លោកជំទាវបណ្ឌិត គឹម សេដ្ឋានី៖ ការអប់រំកុមារតូចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ការអប់រំកុមារតូចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សរ៍ទី២១ ដូចជាការគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហាជាដើម ដែលទាំងអស់នេះគឺជាស្ពានដើម្បីឱ្យក្មួយៗត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់វិញ្ញាបនបត្រថ្នាក់មត្តេយ្យសិក្សាអន្តរជាតិ ប្រចាំឆ្នាំ២០២៤-២០២៥ របស់សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការបានលើកឡើងពីវិធីសាស្ត្របង្រៀនកុមារតូចគឺ "ការរៀនតាមរយៈការលេង" ដោយការលេងនេះគឺគោរពទៅតាមគោលការណ៍នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញា បំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើម ដោយទាំងអស់នេះជួយឱ្យពួកគេមានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់មតេ្តយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។ យកឱកាសនេះ លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្សានុសិស្ស និងភាពរីកចម្រើនឆ្ពោះទៅមុខរបស់សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដោយបង្កើតបាននូវសមិទ្ធផលធំៗជាច្រើន ដែលនេះបានបង្ហាញឱ្យកាន់ច្បាស់អំពីការកសាងទំនុកចិត្តដ៏រឹងមាំជូនទៅដល់មាតាបិតាសិស្ស និងសាធារណជនលើការផ្ដល់សេវាអប់រំប្រកបដោយគុណភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានថ្លែងអំណរគុណចំពោះឪពុកម្តាយ អ្នកអាណាព្យាបាលសិស្ស ដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំដល់កុលបុត្រកុលធីតាតាំងពីមេត្តយ្យសិក្សារហូតមក ហើយលទ្ធផលថ្ងៃនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្ដវេនដឹកនាំដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិយើងនាពេលអនាគត ដោយលោកជំទាវបណ្ឌិតបានលើកឡើងពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាថា កម្ពុជាមិនដែលទម្លាក់ដៃចុះក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលនោះទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធជាច្រើនជូនដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដើម្បីពង្រឹងខ្លួនបន្ថែម និងបន្តរួមចំណែកអភិវឌ្ឍន៍គុណភាពអប់រំនៅកម្ពុជា។ ក្នុងន័យនេះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំតែងតែត្រូវបានយកចិត្តទុកដាក់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





