ក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុង និងថ្កោលទោស ចំពោះការចោទប្រកាន់ ភូតភរ ចេតនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ
AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ -- អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសធ្វើការបដិសេធទាំងស្រុងចំពោះភាគីថៃដែលបានធ្វើការចោទប្រកាន់ថា កងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទៅកាន់ប្រទេសឡាវដែលមានចំនួនប្រមាណ១០គ្រាប់។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ ភូតភរ ចេនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ ឬមិនទាន់បានបើកធ្វើការស៊ើបអង្កេតលើករណីនេះនៅឡើយ។ លោកជំទាវឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ភាគីថៃ បានធ្វើការចោទប្រកាន់កម្ពុជាទាំងមិនមានភស្ថុតាង ហើយការចោទប្រកាន់នេះដែរធ្វើឡើងដោយគេហទំព័រផ្ទាល់នៃភូមិភាគទី២ថៃ។ លោកជំទាវឧត្តមសេនីយ៍ឯកបានថ្លែងបញ្ជាក់ទៀតថា នៅមុននេះបន្តិចនៅក្នុងផេករបស់កងទ័ពជើងគោកថៃ ក៏នៅមិនទាន់ច្បាស់លាស់ក្នុងករណីចោទប្រកាន់កម្ពុជានេះឡើយ ដែលត្រង់កន្លែងនេះហាក់បីដូចជា ការផ្តល់ព័ត៌មានរបស់ខាងភាគីថៃនៅលើផេកផ្លូវការរបស់ខ្លួន មានភាពភាន់ច្រឡំ និងមិនស៊ីសង្វាក់គ្នា។
លោកជំទាវឧត្តមសេនីយ៍ឯក និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថា៖ «ចំណុចត្រង់កន្លែងនេះកម្ពុជាសូមគូសបញ្ជាក់ថាកងទ័ពកម្ពុជាធ្វើសកម្មភាពដោយភាពអត់ធ្មត់ ប្រកបដោយវិជ្ជាជីវៈធ្វើការវាយបកផ្តោតតែលើមូលដ្ឋានកងទ័ពថៃប៉ុណ្ណោះ។ នេះជាការអនុវត្តសិទ្ធិការពារខ្លួន ស្របច្បាប់ ដែលមានចែងក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»៕
ដោយ៖ មករា





