អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលព័ត៌មានភូតកុហករបស់ថៃថា កម្ពុជាប្រើមីស៊ីល PHL 03 បាញ់ចូលដីថៃ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- កងទ័ពថៃនៅតែឈ្លានពានកម្ពុជាទាំងកំរោល និងបន្តពង្រីកការឈ្លានពានតាំងពីទិសខេត្តព្រះវិហារ ឈានដល់ខេត្តពោធិ៍សាត់់ និងខេត្តបន្ទាយមានជ័យ ហើយថែមទាំងចោទប្រកាន់កម្ពុជាថា បានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ និង ប្រើមីស៊ីលចម្ងាញឆ្ងាយបាញ់ចូលទឹកដីថៃទៀតផង។ នេះបើតាមការថ្លែងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ។

ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា «មុននេះបន្តិចក៏មានព័ត៌មានចោទប្រកាន់ថា កម្ពុជាបានប្រើនូវមីស៊ីលចម្ងាយឆ្ងាយ PHL 03 ទៅលើភាគីថៃ ចំណុចកន្លែងនេះ ក្រសួងការពារជាតិសូមទាត់ចោលអំពីព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិតក្លែងក្លាយលាបពណ៌មកលើកម្ពុជា កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើមីស៊ីល PHL 03 នេះទេ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីភាគីថៃថា កម្ពុជាបានបាញ់ចូលទឹកដីឡាវ ជាការចោទប្រកាន់គ្មានមូលដ្ឋាន ខណៈប្រទេសឡាវមិនបានចោទប្រកាន់កម្ពុជា និងមិនទាន់បានបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ។
ជាថ្មីម្ដងទៀត កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរចំណាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





