លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ហុងគ្រី កូរ៉េ ជប៉ុន និងអៀរឡង់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ហុងគ្រី កូរ៉េ ជប៉ុន និងអៀរឡង់ សរុបចំនួន៨៤រូប នៅទីស្តីការក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ តំណាងនិស្សិតដែលនឹងបន្តការសិក្សានៅប្រទេសទាំង៥ បានថ្លែងមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការបន្តការសិក្សានៅក្រៅប្រទេស រួមទាំងបំពេញតួនាទីជាកូនខ្មែរប្រកបដោយសីលធម៌ សុជីវធម៌ និងគុណធម៌ ព្រមទាំងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីវិលត្រឡប់មកបំពេញការងារជូនមាតុប្រទេសវិញ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតទាំងអស់ដែលបានជ្រើសរើសជំនាញច្បាស់លាស់សម្រាប់បន្តការសិក្សា រួមទាំងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ឱ្យក្លាយជាសង្គមមួយពោពេញទៅដោយអ្នកដែលមានចំណេះដឹងខ្ពស់ (knowledge-Based Society) ប្រកបដោយគុណភាព និងបានផ្តល់អនុសាសន៍ឱ្យនិស្សិតទាំងអស់ឱ្យវិលត្រឡប់មកមាតុប្រទេស ដើម្បីបំពេញការងារនៅក្នុងស្ថាប័នរបស់ខ្លួន រួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព ជាពិសេសជួយពន្លឿនដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវកិត្តិបណ្ឌិតក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ក្មួយៗជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសគឺ៖ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សិក្សាស្រាវជ្រាវ ឈ្វេងយល់នូវចំណេះដឹង និងបទពិសោធន៍ល្អ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីយកចំណេះដឹង និងជំនាញមកបំពេញការងារជូនស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ដើរតួជា «អ្នកការទូត» ចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អរិយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់មិត្តបរទេស ដើម្បីឱ្យគេស្គាល់ និងដើម្បីទាក់ទាញអ្នកទេសចរណ៍បរទេសមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ ត្រូវប្រកាន់ខ្ជាប់នូវមនសិការស្នេហាជាតិ និងលើកកម្ពស់កិត្យានុភាពជាតិខ្មែរតាមរយៈការចែករំលែកនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន គោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ មានការប្រាស្រ័យទាក់ទងល្អ និងសាមគ្គីភាពទាំងជាមួយនិស្សិតកម្ពុជា និងនិស្សិតបរទេស។ សូមថែរក្សាសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បរិភោគចំណីអាហារដោយប្រុងប្រយ័ត្ន និងហាត់ប្រាណឱ្យបានជាប្រចាំដើម្បីជួយដល់ការសិក្សារបស់ក្មួយៗទទួលបានភាពជោគជ័យ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





