ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន MITSUI ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- គណៈប្រតិភូក្រុមហ៊ុន MITSUI បានជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងវិស័យទឹកស្អាត និងយានយន្តអគ្គិសនី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសរំលេចបរិយាកាសវិនិយោគបើកចំហ ស្ថិរភាពនយោបាយនៅកម្ពុជា និងការបើកឱកាសទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យឯកជន ដោយលើកឡើងជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍជំនាញ ដែលអាចជួយក្រុមហ៊ុនឱ្យអភិវឌ្ឍសមត្ថភាព និងជំនាញបុគ្គលិករបស់ខ្លួន៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងឧស្សាហកម្ម)





