រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំពិធីបរិច្ចាគឈាមមនុស្សធម៌
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ក្នុងបរិវេណអគាររដ្ឋបាលខេត្តកំពង់ស្ពឺជាន់ផ្ទាល់ដី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មនុស្សប្រមាណ៥០០នាក់កំពុងរង់ចាំបរិច្ចាគឈាម ក្នុងនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ បានចូលរួមបរិច្ចាគឈាមមុនគេ និងថ្លែងអំណរគុណដល់មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពងស្ពឺ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកក្កដា ម្សិលមិញនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបន្តថាគោលបំណងសំខាន់ចំនួន២ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ក៏ដូចជានៅថ្ងៃបន្តបន្ទាប់ គឺ៖ ១/ បម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ និង២/ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីនៅទិសខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តផ្សេងទៀតនៅជាប់ព្រំដែនកម្ពុជា និងថៃ។

ឈរលើគោលបំណងសំខាន់២ខាងលើ ពិធីបរិច្ចាគឈាមមនុស្សធម៌ធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត”៕



ដោយ លឹម សាន្ត





