ឯកឧត្ដម ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំអំណោយជូនជនភៀសខ្លួននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនជនភៀសសឹកជាង៤០០គ្រួសារ ដែលបានភៀសខ្លួនមកពីតំបន់សមរភូមិមុខជួរភ្នំដងរែក និងប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ មកកាន់មណ្ឌលសុវត្ថិភាពនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការចុះសួរសុខទុក្ខបានធ្វើឡើងបន្ទាប់ពីមានការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់ទាហានថៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបង្ខំឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារភៀសខ្លួនពីលំនៅឋាន។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្ដម ឌិត ទីណា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំពារ និងជួយដល់ប្រជាពលរដ្ឋគ្រប់រូបដែលរងផលប៉ះពាល់ ព្រមទាំងបានមានប្រសាសន៍ថា «បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រលាញ់! ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបងប្អូនត្រូវប្រឈមមុខនឹងស្ថានភាពដ៏លំបាកនេះ បណ្ដាលមកពីការឈ្លានពានដ៏គឃ្លើនពីសំណាក់ទាហានថៃ។ ការឈ្លានពាននេះ មិនមែនត្រឹមតែជាការរំលោភបំពានលើអធិបតេយ្យភាពទឹកដីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងសុវត្ថិភាពរបស់បងប្អូនផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ខ្ញុំសូមនាំមកនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុត និងអំណោយមួយចំនួនដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនក្នុងគ្រាដ៏លំបាកនេះ។ អំណោយទាំងនេះ គឺជានិមិត្តរូបនៃក្ដីអាណិតអាសូរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។»

«យើងខ្ញុំទាំងអស់គ្នានៅទីនេះ គឺដើម្បីធានាថាបងប្អូនទទួលបាននូវការការពារ និងជំនួយចាំបាច់។ រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមរក្សាភាពស្ងប់ស្ងាត់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីយើងអាចឆ្លងកាត់ដំណាក់កាលនេះដោយសុវត្ថិភាព និងឆាប់រហ័ស។»

«យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការរួបរួមសាមគ្គីគ្នា និងការគាំទ្រពីរាជរដ្ឋាភិបាល បងប្អូននឹងអាចត្រឡប់ទៅរកជីវភាពប្រក្រតីវិញបានក្នុងពេលឆាប់ៗនេះ។ យើងនឹងបន្តខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា បងប្អូនទាំងអស់មានសុវត្ថិភាព និងទទួលបានការគាំទ្រពេញលេញរហូតទាល់តែស្ថានការណ៍ត្រឡប់មកប្រក្រតីវិញ។»

សូមបញ្ជាក់ថា វត្តមានរបស់ឯកឧត្ដម ឌិត ទីណា និងការនាំយកអំណោយរបស់សម្ដេចធិបតី បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះតាមបណ្ដោយព្រំដែន។ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួល និងផ្ដល់ជំនួយបន្ថែមទៀតដល់ជនភៀសខ្លួនទាំងនេះ ដើម្បីធានាបាននូវជីវភាពរស់នៅសមរម្យ និងសុវត្ថិភាពរបស់ពួកគេ៕

ដោយ ឈុន សារ៉ាត





