អភិបាលរងខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយការឈ្លានពាននៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- លោក កែ សួនសុភាព អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ទៅចែកជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពចំនួន១០០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែននៃស្រុកថ្មពួក មកកាន់ទីទួលសុវត្ថិភាព។ ការចុះសួរសុខទុក្ខនេះធ្វើឡើងបន្ទាប់ពីមានការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃនេះ។

អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពទាំង១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មីជាតិ១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ០១យួរ ទឹកបរិសុទ្ធវីតាល់០២ដបធំ។ សម្ភារប្រើប្រាស់ទូទៅជាអំណោយរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមមាន សាប៊ូបោកខោអាវ០៩កេស សាប៊ូលាងដៃ០៩កេស ធុងចម្រោះទឹកស្អាត ៩៤ឈុត កៅស៊ូតង់ខៀវ១៥ផ្ទាំង។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោក កែ សួនសុភាព បានសម្តែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលបានបង្កការភ័យខ្លាច និងការលំបាកដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពនៅតំបន់ព្រំដែន ដោយបានសង្កត់ធ្ងន់ថា "បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពជាទីគោរពស្រឡាញ់! ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ យើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ឈ្លានពានយ៉ាងងងើលពីសំណាក់ពួកទាហានថៃ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ដែលបានបង្ខំឱ្យបងប្អូនត្រូវជម្លៀសខ្លួនចាកចេញពីលំនៅឋានជាបណ្ដោះអាសន្ន។ យើងខ្ញុំយល់ច្បាស់ពីទុក្ខលំបាក និងក្តីកង្វល់របស់បងប្អូនទាំងអស់គ្នា។ ការចុះមកសួរសុខទុក្ខ និងនាំយកអំណោយនៅពេលនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខរបស់បងប្អូន។ រាជរដ្ឋាភិបាលនឹងមិនបោះបង់ចោលប្រជាពលរដ្ឋរបស់ខ្លួនឡើយ ហើយនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនគ្រប់ៗគ្នា។"

ទន្ទឹមនឹងនេះ លោកអភិបាលរងបានលើកឡើងទៀតថា "ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពសង្គម។ យើងខ្ញុំនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍នៅតាមព្រំដែន ហើយនឹងស្វែងរកដំណោះស្រាយសមស្រប ដើម្បីឱ្យបងប្អូនអាចត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព នៅពេលដែលស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ។ សូមបងប្អូនរក្សាស្មារតីរឹងមាំ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។"

សូមបញ្ជាក់ថាការចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលរងខេត្ត កែ សួនសុភាព នៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាព្រំដែន។ នេះក៏ជាសារមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕

ដោយ ឈុន សារ៉ាត





