មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងទុកជាគុណប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និកីឡា បានជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងទុកជាគុណប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គមជាតិនាពេលអនាគត ព្រោះមានតែការសិក្សារៀនសូត្រឱ្យមានចំណេះដឹង ខ្ពង់ខ្ពស់ប៉ុណ្ណោះទើបអាចធ្វើឱ្យយើងអាចអភិវឌ្ឍន៍ខ្លួនបានល្អប្រសើរ ហើយក្រុមគ្រួសារ និងប្រទេសជាតិ ក៏មានការរីកចម្រើនទៅបានអាស្រ័យដោយយើងជាពលរដ្ឋម្នាក់ៗមានចំណេះដឹងគ្រប់គ្រាន់ ដើម្បី យកទៅប្រើប្រាស់នៅក្នុងការអភិវឌ្ឍខ្លួន អភិវឌ្ឍគ្រួសារ និងអភិវឌ្ឍប្រទេសជាតិ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ពឹង គិមឆេង យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទបញ្ចប់ឆ្នាំសិក្សា និងចែកលិខិតសរសើរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ចំណេះដឹងទូទៅអន្តរជាតិស្តង់ដាអូស្ត្រាលីឆ្នាំសិក្សា ២០២៤-២០២៥ នៃសាលាអន្តរជាតិវេស្ទលែនដ៍ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចំណេះ និងជំនាញ ពិតជាមានសារៈសំខាន់ខ្លាំង ណាស់ដែលក្មួយៗជាសិស្ស និស្សិតទាំងអស់តោងតែសិក្សារៀនសូត្រឱ្យបានចេះចាំពិតប្រាកដ នោះទើបយើងអាចយកទៅប្រើប្រាស់បាននៅក្រោយបញ្ចប់ការសិក្សា បើពុំដូច្នោះទេការសិក្សារបស់យើងនៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនឹងក្លាយជារឿងអាសាអត់ការ ព្រោះការសិក្សាពុំបានចេះចាំជ្រៅជ្រះ មិនអាចយកទៅប្រើប្រាស់ជាការបាននោះទេ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ បំផុតចំពោះ មាតា បិតា អាណាព្យាបាលសិស្ស ដែលបានសម្រេចចិត្តក្នុងការវិនិយោគលើការសិក្សារបស់កូនចៅរបស់ខ្លួន ដែលជាការវិនិយោគមានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ពួកគេ និងបានអំពាវនាវសិស្សឱ្យខិតខំសិក្សារៀនសូត្រដោយពិតប្រាកដ ដោយមិនត្រូវយកពេលវេលាសិក្សាទៅធ្វើអ្វីដែលសង្គមមិនត្រូវការ ដែលសង្គមគេស្អប់ខ្ពើមនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិវេស្ទលែនដ៍ ដែលជាសាលាចំណេះដឹងទូទៅអន្តរជាតិមានស្តង់ដាអូស្ត្រាលីដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទេរចំណេះដឹងទៅដល់សិស្សានុសិស្ស ឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស ដែលមានមកលើសាលាអន្តរជាតិវេស្ទលែនដ៍។
បើតាមលោក ថន សុកលីម នាយកសាលាអន្តរជាតិវេស្ទលែនដ៏បានឱ្យដឹងថា សាលាអន្តរជាតិវេស្ទលែនដ៍មានកម្មវិធីសិក្សាធំៗចំនួន៣គឺ៖ ទី១.កម្មវិធីសិក្សាចំណេះទូទៅខ្មែរ ទី២.កម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិដែលសាលាទទួលបានអាជ្ញាបណ្ណពីក្រសួងអប់រំប្រទេសអូស្ត្រាលី ដោយសិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ចំណេះទូទៅអន្តរជាតិនោះនឹងទទួលបានសញ្ញាបត្រចេញដោយក្រសួងអប់រំអូស្ត្រាលី ហើយសញ្ញាបត្រនោះក៏មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាបត្ររបស់កម្ពុជាផងដែរ និងទី៣. កម្មវិធី សិក្សាភាសាអង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោង៕
ដោយ៖ ចាន់ សុភឿន





