អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ភាគីថៃ បានចល័តនាវាចំនួន៤គ្រឿងបន្ថែមទៀតចូលមកដែនទឹកកម្ពុជានៅខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- នៅខេត្តកោះកុងមិនមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានោះទេ ប៉ុន្តែកងទ័ពថៃបានធ្វើការចល័តនាវាចំនួន៤គ្រឿងបន្ថែមមកតំបន់កោះមួយចំនួនរបស់កម្ពុជា។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា នៅខេត្តកោះកុង គិតត្រឹមម៉ោង១១ ថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងឈរជើងនៅតាមទីតាំងមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែ មានសកម្មភាពតានតឹងដោយសារសកម្មភាពឈ្លានពានបង្ខិតបង្ខំរបស់ភាគីថៃតាមរយៈការធ្វើការត្រៀមចល័ត នាវាចូលក្នុងចន្លោះកោះកូត កោះឆាង ចំនួន៤គ្រឿងបន្ថែមទៀតដែលសរុបទាំងអស់ចំនួន ៨គ្រឿង។
លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកការវាយប្រហាររបស់ថៃលើកម្ពុជាគឺជាការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្កការសហប្រជាជាតិផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯកបានលើកឡើងថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ហារ ចំពោះទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែដល់សន្តិភាព ស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ លោកជំទាវ ឧត្តម សេនីយ៍ឯកបានបន្ថែមថា កម្ពុជាបានបន្តអំពាវនាវដល់សហគមអន្តរជាតិ ចូលរួមជាមួយកម្ពុជាក្នុងការថ្កោលទោសចំពោះឈ្លានពានដោយកម្រោលរបស់ថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រកបដោយអារិភាពរបស់ខ្លួន មិនគោរពដែនអធិបតេយ្យភាពរបស់កម្ពុជាដូចដែលក្នុងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាស្តីពីមិត្តភាព សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ៕
ដោយ៖ប៊ុនរិទ្ធ





