ការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ អាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវ វាយតម្លៃពីការកែច្នៃត្រី នៅក្រុងកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះសិក្សាស្រាវជ្រាវ តាមដាននិងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅសង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ មួយចំនួន ដើម្បីសិក្សាស្វែងយល់ អំពី ប្រសិទ្ធភាព និងសក្តានុពលនៃការកែច្នៃផលនេសាទក្នុងតំបន់នីមួយៗ ។ បានធ្វើការសម្ភាសន៍ជាមួយប្រជាជនដែលមានមុខរបរកែច្នៃផលនេសាទ បច្ចេកទេស និងប្រភេទនៃការកែច្នៃ។
ធ្វើការសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីកែច្នៃ ការប្រមូលទិញផលិតផលកែច្នៃ និងទីផ្សារ។

សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង តាមដានបរិមាណត្រីស្រស់ និងប្រភេទត្រីនៃការកែច្នៃ តំបន់ជុំវិញបឹងទន្លសាប។ការត្រួតពិនិត្យ បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ សិក្សាពីចរន្តទីផ្សារ សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងផលិតផលកែច្នៃផលនេសាទ ៕


ដោយ ៖ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាបន )





