រដ្ឋបាលខេត្តកំពង់ធំគាំទ្រនិងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែតក្នុងការដោះស្រាយបញ្ហាព្រំដែននិងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ
AKPកំពង់ធំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥បានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រដោយឥតងាករេចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃនាព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។

ញត្តិគាំទ្រមានខ្លឹមសារថាក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ យើងខ្ញុំសូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននិងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រដោយឥតងាករេចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុង ប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃនាព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ញ្ញត្តិបញ្ជាក់ថា៖"
យើងខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមក្នុងស្មារតីជាតិនិយមពីសមរភូមិក្រោយដោយផ្តល់ នូវកម្លាំងចិត្ត ជំនឿជាក់លើរាជរដ្ឋាភិបាលនិងវីរកងទ័ពជួរមុខ តាមរយៈការចេញនូវសារ ឬញត្តិគាំទ្រ ដល់វីរកងទ័ព ជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងជាញជ័យ ជាមួយនឹងសត្រូវឈ្លានពានទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីពង្រឹង ខឿនការពារជាតិរបស់ប្រជាជន ក្នុងការការពារបូរណភាពទឹកដី"។
ជាថ្មីម្តងទៀត យើងខ្ញុំ សូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដោយឥតងាករេ ក្នុងការការពារបូរណភាព ទឹកដី ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយ មករំលោភបំពានបានឡើយ។
ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយកម្ចាត់សត្រូវឈ្លានពានទឹកដីកម្ពុជាឱ្យវិនាសខ្ចាត់ខ្ចាយ និងសូមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំកងកម្លាំងជួរមុខរបស់កម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីនៅតាមព្រំដែន សូមជួបតែសេចក្តីសុខ សុវត្ថិភាពនិងឈ្នះអស់មាសត្រូវគ្រប់ទិសទី៕

ដោយ៖ ស៊ុម វណ្ណា





