អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កងទ័ពថៃ បាញ់ប្រហារទីតាំងជនស៊ីវិលជាច្រើនកន្លែងក្នុងទឹកដីកម្ពុជាក្នុងពេលឈ្លានពានមកលើកម្ពុជារយៈពេល៣ថ្ងៃនេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រយៈពេល៣ថ្ងៃមកនេះ កងទ័ពថៃ បានវាយប្រហារមកលើទីតាំងជនស៊ីវិលជាច្រើនកន្លែង ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។។

ឯកឧត្តម ប៉ែន បូណា បានឆ្លើយតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃដោយបានចោទប្រកាន់កម្ពុជា ទាំងបំពានខុសពីការពិតថា កម្ពុជា បានកំណត់យកគោលដៅស៊ីវិល មន្ទីរពេទ្យជាដើម ធ្វើជាគោ លដៅបាញ់ប្រហារ ហើយបានចោទកម្ពុជាទៀតថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ ឯកឧត្ដមបន្ដថា នាយករដ្ឋមន្ត្រីស្តីទីថៃ បែរជាបំភ្លៃថាខ្លួនឯងជាអ្នកត្រូវ ស្រឡាញ់សន្តិភាព សម្តែងការអត់ធន់ ហើយចោទថាកម្ពុជា ជាអ្នកគំរាមប្រទេសខ្លួនទៅវិញ ។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន ប៉ូណា បានគូសបញ្ជាក់ត្រឡប់ទៅវិញ ដើម្បីឱ្យសាធារណជនបានដឹងថា កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មួលបង្កាច់ បំភ្លើសបំភ្លៃខុសពីការពិតទាំងស្រុង របស់នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយកម្ពុជា សូមថ្កោលទោសការឈ្លានពានយ៉ាងកម្រោលរំលោភច្បាប់អន្តរជាតិរបស់ប្រទេសថៃ មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា កម្ពុជា គឺជាប្រទេសរងគ្រោះដោយសារការឈ្លានពាន របស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹងថា កម្ពុជា រងការគំរាមកំហែង គ្រប់បែបយ៉ាង ពីសំណាក់កងទ័ពថៃ ដែលឈានទៅដល់ការវាយប្រហារ យ៉ាងកម្រោលផ្នែកយោធា មកលើប្រទេសកម្ពុជា កាលពីថ្ងៃ២៤ ខែ កក្កដា ឆ្នាំ២០២៥។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ដូច្នេះ កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើសិទ្ធិតបត ដើម្បីការពារខ្លួន ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងស្របតាមច្បាប់ជាតិកម្ពុជា»។
បើតាមឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ភាគីថៃបានបាញ់ និងទម្លាក់គ្រាប់បែក ទៅលើគោលដៅស៊ីវិលជាច្រើន មកលើប្រទេសកម្ពុជា ទី១ គាត់បានទម្លាក់គ្រាប់បែក កម្ទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យទីតាំងគោរពបូជាសាសនាមួយនេះ ខ្ទេចខ្ទាំយ៉ាងខ្លាំង រហូតធ្វើឱ្យស្លាប់អាចារ្យម្នាក់ក្នុងវត្តនេះផង។ ទី២ ថៃបានផ្លោងគ្រាប់បែក កម្ទេចមណ្ឌលសុខភាពមួយ នៅឯឃុំមរត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ។ ទី៣ ថៃបានបាញ់ចូលភូមិឋាន ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋខ្ទេចខ្ទាំង ហើយធ្វើឱ្យមានអ្នករងរបួសជាច្រើន រួមទាំងកុមារផងដែរ។ បន្ទាប់មកទៀត មានស្ថានីយ៍ឥន្ទនៈមួយនៅក្រុងសំរោង ក៏ត្រូវបានបំផ្លិចបំផ្លាញ។
ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់បន្ថែមទៀតថា៖ «ភាគីថៃក៏បានបំផ្លាញ បាញ់គ្រាប់ចូលទៅក្នុងប្រាសាទព្រះវិហារ ដែលធ្វើឱ្យប៉ះពាល់ទៅដល់សម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងចេតនាបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ឱ្យវិនាសសាបសូន្រ ហើយក្រៅពីនោះថៃ ក៏បានបាញ់គ្រាប់ចូលសាលារៀន ដែលជាទីកន្លែងសិក្សា របស់សិស្សានុសិស្ស នៃប្រទេសកម្ពុជានៅក្នុងក្រុងសំរោង ខេត្ដឧត្ដរមានជួយ»៕
ដោយ៖ ប៊ុនរិទ្ធ





