អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអំពាវនាវ ឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការឈ្លានពានទាំងកំរោល និងគឃ្លើនរបស់ភាគថៃមកលើកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវបន្ទាប់ពីក្រសួងការពារជាតិសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិរួមមានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធ ទាំងអស់ថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានទាំងកំរោល និងគឃ្លើនរបស់ភាគថៃ មកលើកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា «យើងខ្ញុំស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីបង្ការ ការដាក់ពង្រាយកងទ័ព បន្ថែមទៀតដើម្បីវាយប្រហារមកលើកម្ពុជា ធានាឱ្យថៃគោរព បូរណភាពទឹកដីពេញលេញ កម្ពុជានឹងទាមទារឱ្យទទួលខុសត្រូវចំពោះការរំលោភបំពានរបស់ថៃ ទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាក្រុងហ្សឺណែវ និង សន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការអាស៊ាន»។
កម្ពុជានៅតែឆន្ទៈមោះមុតដោះស្រាយជម្លោះវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈពេលជាមួយគ្នានេះកម្ពុជាសូមរក្សាសិទ្ធ ស្វ័យការពារដោយយោងតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារប្រជាជន អធិបតេយ្យភាព បូរណៈភាពទឹកដី របស់ខ្លួនឱ្យខានតែបានដើម្បីប្រឆាំងនឹងសកម្មភាព ឈា្លនពាន និងរំលោភបំពានយ៉ាងគឃ្លើន និងកំរោលរបស់ភាគីថៃ។
លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាសាជាថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើឈ្លានពានរបស់ភាគីថៃ និងការបង្កហេតុ ការត្រៀមទុកជាមុនរបស់ភាគីថៃ។
ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះការការពារសុខសន្តិភាព និងទោះជាយ៉ាងណាសូមរក្សាសិទ្ធ ក្នុងការការពារអធិបតេយ្យភាពទឹកដី របស់ខ្លួនក្នុងនាមជាជនរងគ្រោះពីការរំលោភបំពានរបស់ថៃ។
ជាមួយគ្នានេះ កម្ពុជាសូមគូសបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍ វាយប្រហារតែលើគោលដៅ យោធាភាគីថៃប៉ុណ្ណោះ មិនមានចេតនាណាមួយវាយប្រហារគោលដៅលើជនស៊ីវិលសោះឡើយ។ ចំពោះចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនងាករេ ទោះក្នុងតម្លៃណាក៏ដោយ។
បើអ្នកនាំពាក្យក្រសួងការពារជាតិ មកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាព របស់ខ្លួនដោយមិនរួញរានូវការគំរាមកំហែងនៃការបង្ខិតបង្ខំរបស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធឬក៏ពង្រាយកម្លាំងឈ្លានពាននៅតាមទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងអង់អាចក្លាហានដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនមិនឱ្យបាត់សូម្បីតែមួយមីល្លីម៉ែត្រសោះឡើយ៕
ដោយ៖ មករា





