អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានខ្មែរ០៥នាក់បានស្លាប់ និងរបួស២១នាក់ ហើយពលរដ្ឋស្លាប់០៨នាក់ និងរបួស៥០នាក់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ចាប់ពីថ្ងៃផ្ទុះសង្គ្រាមដែលបង្ករដោយភាគីថៃបាញ់ប្រហារមកលើទាហានកម្ពុជាបានធ្វើឱ្យទាហានខ្មែរចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត របួស២១នាក់ និងធ្វើឱ្យប្រជាពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់។

នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា បន្ទាប់ពីទាហានថៃបាញ់ប្រហារ ដោយប្រើប្រាប់អាវុធគ្រប់ធុនមកលើទាហានកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់វត្តអារាមទាំងស្រុង មន្ទីពេទ្យ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋផងដែរ។
លោកជំទាវឧត្តមសេនីយ៍ឯកបានថ្លែងបញ្ជាក់ថា៖ « ទាហានកម្ពុជា៥នាក់បានស្លាប់ របួស២១នាក់ ប្រជាពលរដ្ឋបានបាត់បង់ជីវិត៨នាក់ និងរបួស៥០នាក់ នៅខេត្តឧត្តរមានជ័យ។ ទង្វើដែលបង្កដោយភាគីថៃនេះបានបង្កឱ្យមានជនភៀសខ្លួននៅក្នុងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា រួមមាន៖ ខេត្តឧត្តរមានជ័យចំនួន ៩ ៥៧៧ គ្រួសារ ស្មើនឹង ២៣ ៣២៨ នាក់ ខេត្តព្រះវិហារចំនួន ៣ ១១២ គ្រួសារ ស្មើនឹង ១ ៤២០នាក់ ខេត្តពោធិ៍សាត់ចំនួន ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ខេត្តបន្ទាយមានជ័យចំនួន ៥២៤ គ្រួសារ ស្មើនឹង ១ ៨៨០នាក់។ ជាសរុប គ្រួសារដែលត្រូវជម្លៀសចេញពីទីលំនៅដែលខ្លួនធ្លាប់រស់នៅ និងជាទីកន្លែងសុខសាន្ត និងសុវត្ថិភាពត្រូវទៅកាន់ទីកន្លែងផ្សេងៗមានចំនួន ៣៥ ៨២៩ នាក់»។
ជាមួយគ្នានោះដែរលោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា ភាគីថៃបានកាន់តែធ្វើការវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងដោយមិនបានចាត់វិធានការក្នុងការកាត់បន្ថយជម្លោះមួយណាឡើយ។ ជាងនេះទៀត ថៃបានដាក់ខេត្តត្រាត ច័ន្ទបុរី ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តកោះកុង ពោធិ៍សាត់ របស់កម្ពុជាក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្តើមពង្រាយទ័ព សព្វាវុធ និងពង្រាយទ័ពនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ ដោយទៅតាមផែនការ។
ក្នុងឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងបន្ថែមថា សកម្មភាពរបស់ថៃបានបង្ហាញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាទាំងកម្រោល និងរំលោភអធិបតេយ្យភាពរបស់កម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





